អ្នករកស៊ីក្នុងវិស័យកសិកម្ម៖ តម្លៃម្រេចនឹងងើបឡើងវិញក្នុងអំឡុងខែកញ្ញា-តុលា

សង្គម​ និង​សេដ្ឋកិច្ច

អ្នករកស៊ីក្នុងវិស័យកសិកម្មម្រេច បានបង្ហាញក្តីរំពឹងថា តម្លៃម្រេចនឹងងើបឡើងវិញ ក្នុងអំឡុងខែកញ្ញា-ខែតុលាខាងមុខ ព្រោះជាខែដែលម្រេចមិនសូវសម្បូរ។ តែយ៉ាងណាក៏សម្តែងការព្រួយបារម្ភរឿងកង្វះពលកម្មផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះការប្រមូលផលម្រេចសម្រេចបាន៧០%ហើយនៃសមិទ្ធផលសរុបដែលមានប្រមាណជាង២ម៉ឺនតោន។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ព្រោះបច្ចុប្បន្ននេះការប្រមូលផលម្រេច កំពុងប្រឈមបញ្ហាមួយចំនួន ដោយសារតែបញ្ហានៃការធ្លាក់ភ្លៀង បូករួមជាមួយនឹងបញ្ហាកង្វះកម្លាំងពលកម្ម។​

លោបន្តថា៖ «បញ្ហាអាកាសធាតុបានបង្កឲ្យតម្លៃម្រេចនាពេលបច្ចុប្ប្នន្នធ្លាក់ថ្លៃមកត្រឹម ១៣០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈការប្រមូលផលអំឡុងខែកុម្ភៈមានតម្លៃ ១៥០០០-១៦០០០រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ថ្លៃនេះដោយសារតែការប្រមូលផលជាកំហុក ធ្វើឲ្យកសិករប្រមូលម្រេចលក់ច្រើន និងលក់ក្នុងតម្លៃធូរថ្លៃ»។

ទោះជាយ៉ាងនេះក្ដីនេះ លោករំពឹងថាតម្លៃម្រេចនឹងងើបឡើងវិញ ក្នុងអំឡុងខែកញ្ញា-ខែតុលាខាងមុខ ព្រោះជាខែដែលម្រេចមិនសូវសម្បូរ ដូច្នេះការលក់នឹងបានថ្លៃ។

របាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថា ត្រឹមតែរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កម្ពុជាបានប្រមូលផលម្រេច ហើយនាំចេញទៅក្រៅប្រទេសបានប្រមាណ ៣៨៣៤.៦៧តោន កើនឡើង ៧៩.៣% គិតពីខែមករា-មេសា បើធៀបនឹង៤ខែដំបូងដូចគ្នា នៃឆ្នាំ២០២១។

របាយការណ៍ដដែលបញ្ជាក់ថា ប្រទេសដែលកម្ពុជានាំម្រេចចេញទៅលក់មានចំនួន១៣ប្រទេសរូមមាន៖ ប្រទេសវៀតណាម ចំនួន៣ ៥៤០.០១តោន ប្រទេសអាល្លឺម៉ង់ចំនួន ២៥៥.៦០តោន ប្រទេសម៉ាឡេស៊ីចំនួន១៣.៦៤តោន ប្រទេសប៊ែលហ្ស៊ិកចំនួន៨.៨០តោន ប្រទេសបារាំងចំនួន៨.៦១តោន ឆេកចំនួន២.៣០តោន ប្រទេសជប៉ុនចំនួន២.០១តោន ប្រទេសកាណាដាចំនួន១តោន សហរដ្ឋអាមេរិកចំនួន ០.៩២តោន អង់គ្លេសចំនួន០.៩០តោន,ប្រទេសស៊ុយអ៊ែតចំនួន០.៤៩តោន ប្រទេសកាហ្សាក់ស្ថានចំនួន០.២៩តោន និងប្រទេសអូស្ត្រាលីចំនួន ០.១០តោន៕