កម្ពុជានឹងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណជាង ៩៦៥ លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
តាមរយៈជំនួបពិភាក្សានោះ ឯកឧត្តម វង្សី វិស្សុត បានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ, ផ្នែកបច្ចេកទេស និងជាពិសេសការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសាកលនេះប៉ុណ្ណោះទេ តែថែមទាំងអាចបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យកាលពីពេលថ្មីៗនេះទៀតផង។
មិនតែប៉ុណ្ណោះ គណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍប្រទេសរបស់កម្ពុជានាពេលនេះ ធៀបទៅនឹងរយៈកាលកន្លងទៅផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានោះ ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដល់ ADB ចំពោះវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ (Country Partnership Strategy – CPS 2019-2023) ជាមួយនឹងកិច្ចសហការរៀបចំសេចក្តីព្រាងស្តីពីគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monitoring-ICPM 2023-2025) ដែលក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពី ADB ចំនួនប្រមាណជាង ៩៦៥ លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា៕