ក្រុមហ៊ុន CP របស់មហាសេដ្ឋី​ថៃ អនុវត្ត​​ទស្សនៈ​ ៣ លើ​ការ​ធ្វើ​មុខ​ជំនួញ​នៅ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CP របស់​មហាសេដ្ឋី​ថៃ បានអនុវត្ត​​គោលការណ៍​ ៣ ជាអាទិភាព ក្នុង​ការ​ប្រកប​ជំនួញ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​​ Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនស៊ី.ភីបានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំហើយ ជាមួយចក្ខុវិស័យ “ផ្ទះបាយពិភពលោក”។

ដោយ​ប្តេជ្ញាផ្តល់ផលិតផលប្រកបដោយគុណភាព អនាម័យ និងអាហារូបត្ថម្ភខ្ពស់ជាមួយទំនួលខុសត្រូវដល់សង្គមជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រុមហ៊ុន​មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍​​ប្រយោជន៍ទាំង ៣ ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព”។

លោក​បាន​លើក​ពី​គោលការណ៍​ទាំង ៣ នោះ​ថា ផលប្រយោជន៍ដល់ប្រទេសជាតិជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជនជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុនជាអាទិភាពចុងក្រោយ។

លោក​​ Wittaya Kreangkriwit បាន​បន្ត​ទៀត​ថា អាជីវកម្មរបស់ ស៊ី.ភីបែងចែកជា ៣ ប្រភេទ គឺ អាជីវកម្មផលិតចំណីសត្វ(Feed) អាជីវកម្មចិញ្ចឹមសត្វ(Farm) និងអាជីវកម្មចំណីអាហារ(Food)។

នៅពេលអនាគតក្រុមហ៊ុនមានគម្រោង​នឹង​ពង្រីករោងចក្រផលិតចំណីអាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ នឹងស្តង់ដារបន្ថែមក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវ​ការរបស់ប្រជាជននៅគ្រប់ទីកន្លែង ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន៕