ស្ថានទូតអូស្រ្តាលី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមគ្នាដាក់ចេញឱ្យដំណើរការនូវគោលការណ៍ណែនាំស្តីពី សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ (WHS) នៅកម្ពុជា.នេះបើតាមកម្មវិធីប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
បើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា វាជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលចូលរួមក្នុងវិស័យសំណង់ ដែលជាវិស័យមួយ ប្រកបទៅដោយសក្កដានុពលនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពនៅការដ្ឋានសំណង់ គោលការណ៍ណែនេះនាំក៏គ្របដណ្តប់លើបញ្ហាសំខាន់ៗនានាផងដែរ ដូចជាសុវត្ថិភាពសាធារណៈ និងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាដើម។
គួរបញ្ជាក់ថា គោលការណ៍ណែនាំស្តីពី សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ (WHS) សំណង់ដែលត្រូវបានអនុម័តនេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា ហើយត្រូវបានរៀបចំរួចរាល់ទាន់ពេលវេលា និងចាំបាច់សម្រាប់ឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើនរបស់កម្ពុជា។
ជាងនេះទៀត គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីកម្មវិធីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាកម្មវិធីឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្ត្រាលី ដែលមានទឹកប្រាក់សរុប ៥១,៧ លានដុល្លារអូស្រ្តាលី។ សិក្ខាសាលាផ្សព្វផ្សាយជាបន្តបន្ទាប់ ស្តីពីគោលការណ៍ណែនាំនេះ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងខេត្តនានាក្នុងខែមិថុនា ឆ្នាំ២០២២៕