ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២២ នេះ គឺជាថ្ងៃឱសានវាទចុងក្រោយបង្អស់ ដែលអគ្គនាយកដ្ឋានគយ ប្រកាសអនុញ្ញាត ឱ្យម្ចាស់រថយន្តអត់ពន្ធទូទាំងប្រទេសចូលខ្លួនមកបង់ពន្ធជូនរដ្ឋជាកំហិត ខណៈដែលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងគយចល័ត និងស្ថាប័នពាក់ព័ន្ធចេញប្រតិបត្តិការចុះបង្ក្រាប និងឃាត់រថយន្តខុសច្បាប់ដូចភ្លៀងរលឹម ពោលគឺតាមចាប់តាំងពីនៅលើដងផ្លូវ ដល់ក្នុងផ្ទះតែម្ដង។


ប្រតិបត្តិការចុះរឹបអូសរថយន្តអត់ពន្ធខុសច្បាប់នេះ ត្រូវបានកម្លាំងគយចល័តតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេសចុះអនុវត្តន៍គ្មានយោគយល់ ដូចមុនទៀតឡើយ។ កន្លងមក រាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋានគយ ធ្លាប់បានជូនដំណឹងបន្ធូរបន្ថយ និងយោគយល់ខ្ពស់ម្ដងជាពីរដង ជូនដល់ម្ចាស់យានយន្តទាំងឡាយ ដែលត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល និងរថយន្តកែច្នៃកាត់តបន្លំពន្ធគយ។



ដោយឡែក ចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២២នេះ គឺជាថ្ងៃឱសាទវាទចុងក្រោយនៃការអនុញ្ញាតឱ្យចូលខ្លួនមកបង់ពន្ធ ដែលម្ចាស់យានយន្ត ត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។
ចំពោះករណីររថយន្តចង្កូតស្តាំវិញ អគ្គនាយកដ្ឋានគយ តម្រូវឱ្យយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២២។ ក្រោយការប្តូរចង្កូតហើយ ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្ររថយន្តពីមន្ត្រីគយ។




ផុតពីឱសានវាទនៃការកំណត់ខាងលើ គិតចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងត្រូវតម្រូវឱ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមច្បាប់។ ឯរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកំទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់៕