នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកការជំនុំជម្រះលើសំណុំរឿង លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ដែលជាប់ពាក់ព័ន្ធនឹងករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី កាលពីខែធ្នូ ឆ្នាំ២០២១។

គួររំឭកថា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្ខពួក ដែលមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បាន ចូលប្លន់យកបានគ្រឿងពេជ្រមួយចំនួន កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ក្រុមចោរទាំងនោះបាននាំគ្នាគេចខ្លួន បានត្រឹមតែមួយយប់ប៉ុណ្ណោះ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន។ លោក William Guang និងបក្ខពួក ត្រូវបានតុលាការចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ»។

ក្រោយពីការជំនុំជម្រះព្រឹកមិញហើយ តុលាការបានសម្រេចថានឹងបន្តជំនុំជម្រះសំណុំរឿងខាងលើនេះ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ជាបន្តទៀត ខណៈដែលពេលនេះ អតីតប្រធានគណៈបក្សខ្មែរក្រោករូបនេះ និងបក្ខពួក កំពុងបន្តត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស៕

