សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តំបន់បឹងទន្លេសាបត្រូវចែកជាពីរកត្តាចាំបាច់ កត្តាទី១ ការអភិរក្ស និងកត្តាទី២គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។ ក្នុងន័យនេះសម្តេចតេជោបានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដើម្បីកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងយូរឆ្នាំ។

តាមរយៈការថ្លៃងសារនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសអំពីការសម្រេចកែសម្រួលតំបន់បឹងទន្លេសាបឡើងវិញដើម្បីភ្ជាប់ការអភិរក្សទៅនឹងការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសថា៖ ទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ និងថារាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ទៅជ្រកក្រោមរូបភាពជាពលរដ្ឋ ដោយកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ខណៈភូមិឋាននិងតាំងទីលំនៅប្រជាពលរដ្ឋមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញនោះឡើយ។

ស្របពេលជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២៧ ខែឧសភានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះទៅពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំបងផងដែរ៕
