ឯកឧត្តម វេង សាខុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានដាក់ចេញវិធានការចាំបាច់ និងបន្ទាន់ចំនួន៤ចំនុច ក្នុងគោលបំណងធានាបាននូវសន្តិសុខស្បៀង និងឈានសម្រេចបានតាមគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីឱ្យលទ្ធផលនៃការងារបង្កបង្កើនផលសម្រេចបានល្អប្រសើរ ទៅតាមផែនការគ្រោងទុក ខណៈការដាំដុះដំណាំស្រូវវស្សាឆ្នាំនេះ មានភាពយឺតជា ឆ្នាំមុន ដោយសារតំបន់មួយចំនួនលិចទឹកនិងជោគជាំពេកមិនអាចភ្ជួររាស់កើត។
វិធានបន្ទាន់៤ចំនុច របស់រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់អង្គភាពក្រោមឱវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្ត នោះរួមមាន៖
១.ត្រូវចុះណែនាំកសិករឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេសត្រូវបិទភ្លឺ និងបូមទឹកចេញពីក្នុងស្រែករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀងដើមរដូវនេះ។
២.ត្រូវចុះជំរុញឱ្យប្រជាកសិករចាប់ផ្ដើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ដែលកសិករទម្លាប់ ដាំដុះក្នុងខែកក្កដា ឬខែសីហា ឱ្យប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងទេ។
៣.ត្រូវចុះណែនាំបច្ចេកទេសថែទាំដំណាំស្រូវ ដូចជាការប្រើប្រាស់ជីបំប៉ន ថ្នាំកសិកម្ម និងការគ្រប់គ្រងសមាសភាពចង្រៃ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៤.ត្រូវណែនាំកសិករឱ្យត្រៀមឧបករណ៍ សម្ភារៈ និងគ្រាប់ពូជស្រូវ សម្រាប់ដាំដុះស្តារឡើងវិញក្នុងករណីមានការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ហើយអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទឹកភ្លៀង ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សំដៅជួយអន្តរាគមន៍ដល់កសិករក្រីក្រ និងអ្នកងាយ រងគ្រោះដែលខ្វះលទ្ធភាពរកគ្រាប់ពូជស្រូវ ដើម្បីលើកសំណើសុំមកគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្តាឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់ តំបន់ដែលបានផ្តល់អំណោយផលដល់ការដាំដុះដំណាំស្រូវដើមរដូវ។ ហើយគិតត្រឹមថ្ងៃទី២៥ ខែឧសភា កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩ភាគរយ នៃផែនការ ២៦១៩៥០០ ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្តាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា។ បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។
ឯកឧត្តម វេង សាខុន បញ្ជាក់ទៀតថា ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ៦ ០១៦ហិកតា និងខូចខាតចំនួន ៣៥១៣ហិកតា ក្នុងនោះខេត្តបន្ទាយ មានជ័យមានផ្ទៃដីប៉ះពាល់ចំនួន ៤ ៦៦៤ហិកតា និងខូចខាតចំនួន ២ ៣៨០ហិកតា និងខេត្តត្បូងឃ្មុំមានផ្ទៃដីប៉ះពាល់ ចំនួន ១ ៣៣៧ហិកតា និងផ្ទៃដីខូចខាតចំនួន ១ ១៣៣ហិកតា៕