រដ្ឋមន្ត្រីកសិកម្មកម្ពុជា ស្នើបារាំងផ្តល់ឱកាសឱ្យកសិករនាំផលិតផលទៅកាន់ទីផ្សារបារាំង និងអ៊ីរ៉ុបបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឲ្យរដ្ឋាភិបាលបារាំង ផ្តល់ឱកាសឲ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអ៊ីរ៉ុបកាន់តែច្រើនឡើងថែមទៀត។ នេះតាមការលើកឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វេង សាខុន និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋបារាំង នាថ្ងៃទី២៧ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបការទូតនេះ លោករដ្ឋមន្ត្រីក៏បានលើកយកបញ្ហាប្រឈមសំខាន់ៗ ដែលជាឧបសគ្គដល់ការអភិវឌ្ឍវិស័យកសិកម្ម ទាក់ទងទៅនឹងការនាំចេញផលិតផលមួយចំនួនត្រូវបានធ្លាក់ចុះ ដែលបញ្ហានេះបណ្តាលមកពីទី១- វិបត្តិជំងឺឆ្លងសកលកូវីដ-១៩ និងទី២- សង្គ្រាមរវាងរុស្សី-អ៊ុយក្រែន (ប្រេងសាំង និងតម្លៃដឹកជញ្ជូនត្រូវបានកើនឡើងទាំងក្នុងស្រុក និងអន្តរជាតិ)។

លោកបន្តថា បច្ចុប្បន្នស្ថានភាពនៃជំងឺឆ្លងនេះនៅកម្ពុជាមានលក្ខណ:ល្អប្រសើរឡើងវិញជាបណ្តើរៗ នោះក៏ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការសំខាន់ៗ និងបន្ទាន់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះពីសហគមន៍មួយទៅសហគមន៍មួយ តាមរយ:យុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើឲ្យសកម្មភាពសង្គម សេដ្ឋកិច្ចជារួមចាប់ផ្តើមដំណើរដូចប្រក្រតីឡើងវិញ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋាភិបាលបារាំង តាមរយ:ឯកអគ្គរដ្ឋទូតថ្មីផ្តល់ឱកាសឲ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអ៊ីរ៉ុបកាន់តែច្រើនឡើងថែមទៀត ពិសេសអង្ករ។ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាក្នុងអាណត្តិការទូតរបស់លោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែម។

ទន្ទឹមនឹងនេះ ក្រសួងកសិកម្មមានក្តីសង្ឃឹមថា ភាគីបារាំងនឹងជួយជាធនធានថវិការ និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងជលផល ហើយនិងវារីវប្បកម្មនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។

ថ្លែងក្នុងឱកាសនោះដែរ លោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋបារាំង បានបង្ហាញនូវការប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មដោយលោកនឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើចំណុចសំខាន់ៗដែលលោក វេង សាខុន បានលើកឡើងស្នើរដ្ឋាភិបាលបារាំង៕