ខណៈគម្រោងអភិវឌ្ឍច្រាំងនិងផ្លូវថ្មើរជើងពីកោះនរាដល់ស្ពានព្រះមុនីវង្សចាស់បានលេចរូបរាងបណ្តើៗ មានឈ្មួយជាច្រើនបានចុះទៅសាកសួរទិញដីធ្លី ធ្វើឲ្យហាងឆេងដីកំពុងមានការកើនឡើងយ៉ាងខ្លាំង ស្របពេលតំបន់នោះកាន់តែមានសក្តានុពលដោយសារគម្រោងអភិវឌ្ឍផ្សេងៗ។
កាលពីម្សិលមិញក្រុមការងារឧកញ៉ាញូសន៍បានចុះពិនិត្យឃើញថា ក្រុមកម្មករកំពុងសម្រុកស្ថាបនា ខណៈគម្រោងអភិវឌ្ឍច្រាំងនិងផ្លូវថ្មើរកំពុងដំណើរការយ៉ាងសកម្ម។

បើតាមប្រភពពីពលរដ្ឋរស់នៅម្តុំច្រាំងបាក់ក្នុងខណ្ឌច្បារអំពៅបានឲ្យឧកញ៉ាញូសដ៍ដឹងថា មានឈ្មួយចុះមកសាកសួរទិញធ្លីជាហូហែរ ខណៈតម្លៃហាងឆេងក៏មានការកើនឡើងដែរ។
កន្លងទៅនេះសាលាខណ្ឌច្បារអំពៅ បានចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។
រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណីទន្លេបាសាក់ត្រើយខាងកើត សហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងចូលរួមថែរក្សាបង្គោលព្រំពេលបោះរួច។
លើសពីនេះ សាលាខណ្ឌក៏ព្រមាននឹងចាត់វិធានការតាមច្បាប់ ក្នុងករណីជនណាម្នាក់បំពានដក ឬបំផ្លិតបំផ្លាញបង្គោលដែលបោះរួចនោះផងដែរ។



រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្ដើមស្ថាបនាផ្លូវ និងច្រាំងទន្លេធ្វើពីបេតុងនៅតាមទន្លេបាសាក់ត្រើយខាងកើត ក្នុងខណ្ឌច្បារអំពៅ ដើម្បីការពារការបាក់ច្រាំង និងលើកកម្ពស់សោភណភាពក៏ដូចជាជួយសម្រួលលំហូរចរាចរណ៍ផងដែរ។ ជាមួយគ្នានេះសាលារាជធានីភ្នំពេញបានបង្ហាញក្ដីរំពឹងថា ពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេត្រង់ទីតាំងអនុវត្តគម្រោងនេះនឹងចូលរួមសហការល្អជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីឱ្យការអនុវត្តការងារស្ថាបនាផ្លូវ និងច្រាំងទន្លេនេះទទួលបានជោគជ័យ៕