ឧកញ៉ា ហ៊ួត ជា ស្ថាបនិកនិងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ បានបង្ហើបពីគម្រោងនាំចូលសម្ភារៈអេឡិត្រូនិច មកលក់ឆាប់ៗនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសម្ភារៈអេឡិចត្រូនិចនេះ ជាផលិតផលម៉ាកល្បី ជារបស់ក្រុមហ៊ុនដ៏ធំមួយនៅអាមេរិក ដែលមានការប្រើប្រាស់ជុំវិញពិភពលោក។
ទោះបីជាមិនបង្ហើបពីម៉ាកផលិតផល ប៉ុន្តែឧកញ៉ា ហ៊ួត ជា បានឲ្យដឹងថា ឳកាសទទួលបានការវិនិយោគលើការនាំចូលសម្ភារៈអេឡិត្រូនិចនេះ កើតមាននៅក្នុងក្នុងដំណើរទស្សនកិច្ច និងធុរកិច្ចទៅសហរដ្ឋអាមេរិក រួមជាមួយក្រុមប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដោយបានជួបជាមួយសមាគមប្រ៊េនឆាយដ៏ធំ នៅសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហ៊ួត ជា ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ បានរួមដំណើរជាមួយក្រុមប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ធ្វើដំណើរទៅកាន់ទឹកដីអាមេរិក ដើម្បីបំពេញទស្សនកិច្ចធុរកិច្ចរយៈពេល ៨ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។
ក្នុងដំណើរទស្សនកិច្ច និងធុរកិច្ចទៅសហរដ្ឋអាមេរិកនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏រំពឹងថានឹងមានការជម្រុញពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ដោយពង្រីកទំហំពាណិជ្ជកម្ម និងស្នើសុំឱ្យភាគីអាមេរិកបន្តការអនុគ្រោះពន្ធ GSP រួមទាំងចង់ឱ្យប្រទេសទាំងពីរមានកិច្ចទំនាក់ទំនងផ្នែកសេដ្ឋកិច្ចកាន់តែប្រសើរ និងកាន់តែធំ ៕