ក្រុមហ៊ុន RMA ដែលគេស្គាល់ជាក្រុមហ៊ុនធំមួយកំពុងកាន់កាប់លើការនាំចូលយីហោរថយន្តធំៗមកលក់ក្នុងស្រុកមាន Ford, Jaguar និង Land Rover ទើបបង្ហាញមុខមាត់ម៉ាករថយន្តថ្មីមួយក្រោមសម្ព័ន្ធអាជីវកម្មរបស់ខ្លួន។
ថ្លែងក្នុងកម្មវិធីសម្ពោធយីហោរថយន្តថ្មីប៉ុន្មានថ្ងៃមុននេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនបានសម្រេចនាំចូលផ្ដាច់មុខរថយន្ដម៉ាក CHANGAN ជាការបើកទីផ្សារដំបូងនៅប្រទេសកម្ពុជា ដោយផ្ដល់រថយន្ដដែលមានភាពទំនើបស៊ីវិល័យ ជាមួយតម្លៃសមរម្យ។
ក្រុមហ៊ុន RMA (Cambodia) គឺជាក្រុមហ៊ុនមួយដែលឈានមុខគេលើការនាំចូលរថយន្តលំដាប់ពិភពលោក និងចែកចាយផ្ដាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនរួមមាន៖ រថយន្ដ Ford រថយន្ដ Jaguar និង Land Rover គ្រឿងចក្រកសិកម្មត្រាក់ទ័រម៉ាក John Deere រថយន្ដដឹកទំនិញម៉ាក Fuso គ្រឿងចក្រឧស្សាហកម្មម៉ាក JCB រថយន្ដនិងឧបករណ៍សម្អាតម៉ាក Hako, Power Boss, Minuteman Forklift លើកដាក់ទំនិញម៉ាក TCM និងម៉ូតូកង់បីម៉ាក Piaggio។
បើតាមប្រវត្តិបានឲ្យដឹងថា ក្រុមហ៊ុន Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។
ដោយឡែកក្នុងឱកាសបញ្ជាក់ពីការផ្តាច់មុខលើការនាំយីហោរថយន្ត CHANGAN ក្រុមហ៊ុន RMA បានបង្ហាញរថយន្ដស៊េរីទំនើបពីរម៉ូដែលគឺ CS35 PLUS និង CS75 PLUS សម្រាប់ជាការបើកទីផ្សារដំបូងនៅកម្ពុជា៕