នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញកូនខ្មែរជាច្រើនរូបរួចមកហើយ បានបញ្ចប់ការសិក្សានៅបណ្តាលប្រទេសអភិវឌ្ឍន៍ធំៗលើពិភពលោក ក្នុងនោះភាគច្រើនគឺជាកូនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល កូនមន្រ្តីទូត កូនអ្នកឧកញ៉ា ឧកញ៉ា ឬកូនអ្នកមានគ្រាក់ៗនៅកម្ពុជា។ ជាមួយគ្នានេះ ក៏ឃើញមានកូនអ្នកមានជីវភាពក្រខ្សត់ ឬក្រោមមធ្យមក៏ទទួលបានឪកាសសិក្សារៀនសូត្រនៅប្រទេសអភិវឌ្ឍន៍ទាំងនោះផងដែរ។
ជាក់ស្តែងថ្មីៗនេះ កូនខ្មែរម្នាក់ឈ្មោះ ពេជ្រ មូន (Moon Pich) ដែលធ្លាប់កម្សត់កម្រជាអតីតក្មេងឃ្វាលគោ បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិកដោយជោគជ័យ និងមានឱកាសបានជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

បុរសដែលស្ថិតនៅក្រោមការមើលថែពីលោកយាយម្នាក់ កាលនៅតូចរូបនេះ បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់បរិយាយអំពីអតីតកាលកម្សត់កម្រកជាមួយដូនចចាស់ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះថា៖ “អានុស្សាវរីយ៍នៃជីវិត៖ ១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅ នៅពេលទៅឃ្វាលគោ ពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ”។

លោកបន្តថា៖ “ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូ សម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ។ ទោះទៅដល់ទីណា សូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ”៕




