មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី២០ ខែមករា នេះ បានជូនដំណឹងដ៏ក្រៀមក្រំមួយទាក់ទងនឹងការបាត់បង់ជីវិតកូនសត្វដំរីព្រៃញី១ក្បាល ដែលត្រូវបានប្រទះឃើញមានសភាពស្គមស្គាំងនៅដែនជម្រកសត្វព្រៃភ្នំព្រេច។ ស្ថានភាពជំងឺធ្ងន់ធ្ងរ បានធ្វើឲ្យវាលែងកម្រើក លែងទទួលចំណី ហើយក៏បានបាត់បង់ជីវិត កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃចន្ទ។

ផ្អែកតាមផេក “Ministry of Environment” បានសរសេររៀបរាប់ថា(ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងក្រុមការងារជួយសង្រ្គោះ ទាំងអស់ សូមចូលរួមសោកស្ដាយនូវការបាត់បង់កូនសត្វដំរីព្រៃញី ១ក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច។)
កាលពីថ្ងៃទី១៧ មករា កូនដំរីមួយក្បាលអាយុប្រហែល១មួយសប្ដាហ៍នោះ ត្រូវបានសង្គ្រោះ បន្ទាប់ពីវាវង្វេងចេញពីហ្វូងនៅចំណុចព្រៃសាក្រឹត ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ វាត្រូវបានក្រុមឧទ្យានុរក្សផ្តល់ចំណី និងព្យាបាល ដោយសារវាមានជំងឺត្រង់អវយវៈពោះ និងមាត់។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងមិនបានទទួលផលឡើយ ដោយសារតែដំរី នោះចាប់ផ្តើមអស់កម្លាំង លែងកម្រើក លែងទទួលចំណី និងទឹក រហូតឈានដល់ការបាត់បង់ជីវិតនារាត្រីឈានចូលថ្ងៃចន្ទ ទី២០ ខែមករា។
អ្នកជំនាញសន្និដ្ឋានថា មូលហេតុដែលធ្វើឲ្យមេ និងហ្វូងរបស់កូនដំរីនោះ ដើរទៅមុន គឺដោយសារតែស្ថានភាព និងការវិវត្តនៃអាការៈជំងឺរបស់វា មានសភាពកាន់តែធ្ងន់ធ្ងរ។

នេះជាករណីទីពីរ បន្ទាប់ពីកូនដំរីមួយក្បាលត្រូវបានប្រទះឃើញងាប់ដោយសារលង់ទឹកនៅក្នុងតំបន់អូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ប្រទះឃើញអណ្តែតក្នុងទឹក កាលពីថ្ងៃទី១៥ ខែមករា៕