គម្រោងអភិវឌ្ឍន៍ក្នុងវិស័យវាយនភណ្ឌចំនួន ៤ ទទួលបានសិទ្ធិវិនិយោគលើរោងចក្រផលិតសម្លៀកបំពាក់ និងការបូប ក្នុងទំហំទឹកប្រាក់ជាង ១៦លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង។
បើតាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីនិយោគចំនួន ៤នោះគឺស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល រួមមាន៖
១. KING SUCCESS CO., LTD. ជាគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយនឹងទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៦៨កន្លែង។

២.SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៥កន្លែង។

៣. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៨២កន្លែង។

៤. JI SHUN YUAN (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រាំ៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៥កន្លែង៕
