សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលទៅបញ្ចេញមតិលើរូបភាពរបស់កូនខ្មែរម្នាក់ឈ្មោះ ពេជ្រ មូន (Moon Pich) ដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិកដោយជោគជ័យ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា លោក ពេជ្រ មូន បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់បរិយាយអំពីអតីតកាលកម្សត់កម្រជាមួយដូនចាស់ថា៖ “អានុស្សាវរីយ៍នៃជីវិត៖ ១០ ឆ្នាំហើយ ដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅ នៅពេលទៅឃ្វាលគោ ពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ”។
លោកបន្តថា៖ “ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូ សម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើល ដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ។ ទោះទៅដល់ទីណា សូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ”។
សារដ៏មានអត្ថន័យខាងលើនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសប្រជាជនកម្ពុជា ចូលរួមបញ្ចេញមតិអបអរសាទរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះការតស៊ូរបស់យុវជនរូបនេះ។ លើសពីនេះ កាលពីម្សិលមិញ សម្តេចតេជោ ក៏បានចូលរួមបញ្ចេញមតិផងដែរថា៖ “គាត់ធ្វើនេះ ជាការរំលឹកមួយចំពោះចៅ កុំឱ្យភ្លេចពីការលំបាករបស់យើង។ តាសូមជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន”៕