មេធាវី គី តិច ដែលជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន ថ្ងៃ-ខែ-ឆ្នាំកំណើត របស់សម្តេចតេជោ ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ-ខែ-ឆ្នាំពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។
តាមរយៈពាក្យស្នើសុំ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ការស្នើសុំកែតម្រូវនេះ ដោយសារតែមូលហេតុមួយ គឺកន្លងមក មានការភាន់ច្រឡំពីឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ និងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរថ្ងៃចម្រើនជន្មាយុរបស់សម្តេចតេជោ ដល់ទៅ២ដងក្នុងមួយឆ្នាំ។ តាមការបញ្ជាក់របស់សម្តេចតេជោ ថ្ងៃកំណើតពិត គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។
យ៉ាងណាមិញ កម្មវត្ថុដែលមេធាវី គី តិច ស្នើសុំឱ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេច មានខ្លឹមសារ២សំខាន់គឺ៖
១. កែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន ថ្ងៃ-ខែ-ឆ្នាំកំណើត របស់សម្តេចតេជោ ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ-ខែ-ឆ្នាំពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។
២. បង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធ ស្របតាមខ្លឹមសារដូចបានស្នើសុំក្នុងចំណុចទី១ ខាងលើនេះ៕