តាមរយៈសារសំលេងពិសេស កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រដ្ឋាភិបាលបានសម្រេចចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ-១៩ ជាង១០០លានដូសបន្ថែមទៀត ដែលវេចខ្ចប់នៅកម្ពុជា ដើម្បីប្រើប្រាស់បម្រុងទុករយៈពេលវែង គឺពីឆ្នាំ២០២៤-២០២៦។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកទល់ពេលនេះ អាចសន្និដ្ឋានកាន់តែច្បាស់ថែមទៀតអំពីប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការរុញច្រានឲ្យកម្ពុជាដើរមកដល់ចំណុចនេះ គឺករណីឆ្លងថ្មី និងករណីស្លាប់ថ្មីដោយកូវីដ-១៩ មានអត្រាកម្រិតសូន្យរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ជាថ្មីថា មិនយកលុយថ្លៃចាក់វ៉ាក់សាំងកូវីដ-១៩ ឡើយ ទោះបីជាត្រូវចាក់ដល់ដូសទី១០ ឬទីប៉ុន្មានក៏ដោយ។ ហើយនេះជាសមានចិត្តរបស់រាជរដ្ឋាភិបាលមានចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប និងដើម្បីធានាប្រាកដថា ប្រជាពលរដ្ឋ ទាំងអស់មានសុវត្ថិភាពពីការឆ្លងរីករាលដាល និងករណីស្លាប់ ដោយជំងឺកូវីដ-១៩តទៅទៀត។
គួរបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន បានអនុញ្ញាតឱ្យមានការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅប្រទេសកម្ពុជា ដោយអនុលោមទៅតាមនិយាមរបស់សាធារណរដ្ឋប្រជាមានិតចិន។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការបង្កើតរោងចក្រ និងវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា ៕