វិមានរដ្ឋធម្មនុញ្ញ ដែលនឹងលេចរូបរាងឡើងនៅក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ នឹងចេញជារូបរាងពិតប្រាកដក្នុងពេលឆាប់ៗនេះហើយ ខណៈដែលពេលនេះក្រុមការងារបច្ចេកទេសកំពុងសិក្សាលម្អិតអំពីគម្រោងស្ថាបត្យកម្ម។

កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី រស្មី ដែលជាស្ថាបត្យករខ្មែរដ៏ល្បី និងជារដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមធ្វើបទបង្ហាញ ស្តីពីគម្រោងប្លង់ស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅសាលប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ។

យ៉ាងណាក្តី អំពីគម្រោងលម្អិតយ៉ាងណា នៅមិនទាន់អាចឱ្យសាធារណៈជនដឹងនោះទេ ព្រោះក្រុមការងារបច្ចេកទេស កំពុងសិក្សាបន្ថែមទៀត ប៉ុន្តែបើតាមកិច្ចប្រជុំ កាលពីម្សិលមិញ បានបង្ហាញឱ្យដឹងត្រួសៗខ្លះថា វិមានរដ្ឋធម្មនុញ្ញ នឹងមានទីតាំងនៅវិថីព្រះសីហនុ និងផ្លូវលេខ៥១, ខាងជើងវត្តលង្កាព្រះកុសុមារាម និងនៅខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសភាធម្មនុញ្ញអនុម័ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រម ប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត៕


