អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការសាងសង់បានប្រមាណ ៥០ភាគរយហើយ។ នេះបើតាមការឲ្យដឹងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ខណៈចុះពិនិត្យការដ្ឋានការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីព្រឹកមិញនេះ។

លោក គួច ចំរើនបានឲ្យដឹងថា ដំណើរការការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១-សំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ និងដំណាក់កាលទី២-ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក បន្តប្រហែល ៣ ទៅ ៤ខែបន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់។
ខេត្តព្រះសីហនុ បានស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ដែលបានសាងសង់ និងដាក់ឱ្យដំណើរការដែលបានអនុញ្ញាតឱ្យទឹកដែលចម្រោះរួចបង្ហូរចូលសមុទ្រ ដែលមានសុវត្ថិភាពដល់ជីវចម្រុះក្រោមបាតសមុទ្រ។



ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ អភិបាលខេត្ត បន្តជំរុញឲ្យក្រុមបច្ចេកទេសបង្កើនសកម្មភាពការងារឱ្យកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នេះ សម្រេចតាមផែនការឲ្យបានឆាប់ តាមស្តង់ដារបច្ចេកទេស និងធានាបានការប្រើប្រាស់យូរអង្វែង៕