៣ឆ្នាំចុងក្រោយ កម្ពុជាទទួលឥណទាន​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ជិត ១០៦ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាទទួលឥណទានសម្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ ប្រមាណជិត ១០៦ លានដុល្លារ នា​រយៈកាល ៣ ឆ្នាំចុងក្រោយនេះ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់​ (Kfw)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ជំនួប​ជាមួយ​លោក Christlan Berger ឯកអគ្គរដ្ឋទូតអាលឺ្លម៉ង់ប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗ​នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​អាល្លឺម៉ង់​ ដែល​បាន​រួម​ចំណែក​​​ចូលរួមអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមកម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា រយៈកាល ៣ ឆ្នាំ កម្ពុជា​បាន​ទទួល​ជំនួយ​អភិវឌ្ឍ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​ជា​បន្ត​បន្ទាប់។ ឥណទានសម្បទានដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើកទី ១ ក្នុងឆ្នាំ​២០១៩ ប្រមាណជិត ៣២ លានដុល្លារ ក្នុងការគាំទ្រអនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។ លើកទី២ ក្នុងឆ្នាំ ២០២០ ប្រមាណ​ ជិត ៣២លានដុល្លារដូចគ្នា សម្រាប់ហិរញ្ញប្បទានដល់កម្មវិធីអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា។

ដោយឡែក​ថ្មីៗ​នេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្យាផ្តល់ឥណទានសម្បទានថ្មីមួយទៀត ដែលមាន​ទឹកប្រាក់ប្រមាណ ៣២ លាន​ដុល្លារ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលផ្គត់ផ្គង់អគ្គិសនីជនបទ ២ ដែលជាការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែងនិងការផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើននិងគាំទ្រ​ឲ្យ​បានទូលំទូលាយនូវប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទក្នុងប្រទេស៕

អត្ថបទ៖​ ស្រីណាត