ជាង ៧០ ទៅ ៨០ ភាគរយ ពលរដ្ឋកម្ពុជាពឹងផ្អែកលើវិស័យកសិកម្មជាពិសេសផ្តោតលើការដាំដុះ។ ដោយឡែកការចិញ្ចឹមសត្វពីមុនជាមុខរបរបន្ទាប់បន្សំ ប៉ុន្តែសម័យកាលនេះការចិញ្ចឹមសត្វក្លាយជាមុខរបរត្រូវប៉ាន់ ខណៈតម្រូវការមិនសូវរីងស្ងួត។
និយាយពីការចិញ្ចឹមសត្វក្នុងស្រែវិញ ជាបច្ចេកទេសថ្មីតែទទួលបានផលខ្ពស់។ កន្លងទៅនេះឃើញថាសត្វ ៤ ប្រភេទដែលកំពុងពេញនិយមចិញ្ចឹមក្នុងស្រែ ដែលអាចរកប្រាក់ចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
១. បង្កងចម្រុះ
មុខរបរចិញ្ចឹមបង្កងគឺជាមុខរបរមួយប្រភេទដែលបច្ចុប្បន្ន កំពុងមានប្រជាប្រិយភាព ខណៈដែលតម្រូវការទីផ្សារបង្កងមានកំណើនខ្ពស់ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។
កសិករកម្ពុជាមួយចំនួនបានងាកមកប្រកបរបរកសិដ្ឋានចិញ្ចឹមបង្កងនេះរួមមាន ទាំងបង្កងទឹកសាប បង្កងអូស្រ្តាលី បង្កងដៃវែង បង្កងក្រាហ្វីសក្រហមជាដើម ព្រោះមុខរបរមួយនេះរកប្រាក់ចំណូលបានខ្ពស់ជាងត្រីនិងងាយស្រួលចិញ្ចឹមផងដែរ។
ប៉ុន្តែយើងឃើញថា កសិករកម្ពុជាមិនទាន់ពេញនិយមលើការចិញ្ចឹមក្នុងស្រែប៉ុន្មានទេភាគច្រើនចិញ្ចឹមនៅក្នុងអាងឬស្រៈធម្មតា។
ម្ចាស់កសិដ្ឋានវៀតណាមដែលចិញ្ចឹមបង្កងក្នុងស្រែអាចរកប្រាក់ចំណូលបានចន្លោះពី៨០០០ដុល្លារទៅ១២០០០ដុល្លារក្នុងមួយរដូវ (១រដូវ=៦ខែ) ក្នុងទំហំផ្ទៃដី១ហិចតា មួយឆ្នាំអាចចិញ្ចឹមបាន ២ ទៅ ៣ ដងទៅតាមស្ថានភាពស្រែ។ ដោយប្រើរយៈពេលចន្លោះពី៥ទៅ៦ខែ អាចលក់ចេញបាន។
បច្ចេកទេសក្នុងការចិញ្ចឹមបង្កងក្នុងស្រែ គឺមានលក្ខណៈងាយស្រួលជាងត្រី ដោយគ្រាន់តែមានដីស្រែដែលយើងធ្វើស្រូវ ចំណីបន្តិចបន្តួច ព្រោះការចិញ្ចឹមក្នុងស្រែអាចលូតលាស់ធំជាងយើងចិញ្ទឹមក្នុងអាង និងវិធីថែទាំបន្ថែមទៀត។ យ៉ាងណាមិញ តម្លៃបង្កងនៅលើទីផ្សាកម្ពុជាក៏បានថ្លៃស្របទៅនឹងទីផ្សារ ដែលបង្កងទឹកសាបមានតម្លៃ១៥ ដុល្លារទៅ ២០ ដុល្លារឬ ៦ម៉ឺនរៀលទៅ ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម ពោលគឺមានតម្លៃទៅតាមប្រភេទបង្កង។ ក្នុងនោះប្រទេសអាមេរិកក៏និយមចិញ្ចឹមបង្កងក្នុងស្រែផងដែរ។
២. ត្រីទីឡាព្យា ត្រីអណ្តែង ត្រីរ៉ស់
មុខរបរចិញ្ចឹមត្រីគឺមានការពេញនិយមយ៉ាងខ្លាំង ស្របពេលទីផ្សារកំពុងមានតម្រូវកាន់តែច្រើន។ ការចិញ្ចឹមត្រី គឺយើងមិនមែនចេះតែចិញ្ចឹមនោះទេ ត្រូវរើសប្រភេទត្រីផងដែរ ដូចជា ត្រីទីឡាព្យា ត្រីអណ្តែង ត្រីរ៉ស់ ជាត្រីដែលមានតម្រូវការទីផ្សានិងមានតម្លៃខ្ពស់។
ម្ចាស់កសិដ្ឋានដែលចិញ្ចឹមត្រីក្នុងស្រែទាំងបីប្រភេទនេះ អាចរកប្រាក់ចំណូលបានពីរដងដោយបានទាំងផលស្រូវនិងបានទាំងផលត្រីដែលទទួលចំណូលបានខ្ទង់ជាង១ពាន់ដុល្លារឡើងក្នុងមួយឆ្នាំ ទៅតាមប្រភេទឬត្រីទំហំស្រែដោយរយៈពេល ៣ ខែអាចប្រមូលផលបាន។
បច្ចេកទេសក្នុងការចិញ្ចឹមគឺអាស្រ័យទៅលើការយកចិត្តទុកដាក់ រើសពូជត្រី ចំណី រកស្រែដែលជិតផ្ទះ អាចជីកប្រឡាយជុំវិញក៏បាន និងការថែទាំជាដើម។
៣. កង្កែប
តម្រូវការកង្កែបនៅលើទីផ្សាក៏កាន់តែខ្ពស់មិនចាញ់បង្កងឬត្រីឡើយ។ ការចិញ្ចឹមកង្កែបក្នុងស្រែក៏មិនសូវខុសពីរបៀបចិញ្ចឹមត្រីប៉ុន្មានដែរ ដោយកង្កែបក្នុងចន្លោះពី៦៥ថ្ងៃទៅ ឬ១ខែកន្លះ អាចប្រមូលផលបានទៅតាមការថែទាំ។ ការចិញ្ចឹមកង្កែបក្នុងស្រែពិតជាល្អសម្រាប់កសិករដែលមានដីតិចក្រៅពីធ្វើស្រូវ។
ជាបទពិសោធន៍ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបអាចរកប្រាក់ចំណូលក្នុងមួយរដូវបានជាមធ្យមជាង១លានរៀលក្នុងចំនួនកង្កែប១០០០ក្បាល។យ៉ាងណាម៉ិញតម្លៃកង្កែបនៅលើទីផ្សាក៏មានតម្លៃថ្លៃទៅតាមទីផ្សា ពោលគឺ៧០០០រៀលទៅ៨០០០រៀល ក្នុងមួយគីឡូ។
៤. ក្តាមស្រែ
យើងឃើញថា ក្តាមស្រែពិតជាមានទីផ្សាធំទូលាយនិងមានតម្លៃខ្ពស់ជាពិសេសគឺមិនទាន់អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាបាននៅឡើយទេ។ ការចិញ្ចឹមក្តាមក្នុងស្រែជាមុខរបរមួយដែលកសិករកម្ពុជាមិនសូវចាប់អារម្មណ៍ចិញ្ចឹមក្នុងស្រែទេ ព្រោះក្តាមជាសត្វដែលសត្រូវស្រូវ។ កសិករកម្ពុជាភាគច្រើនពេញនិយមចិញ្ចឹមក្នុងអាងឬស្រៈប៉ុណ្ណោះ។
ប៉ុន្តែបើយើងងាកមកសាកល្បងចិញ្ចឹមបែបនេះទៅតាមបច្ចេកទេស ពិតជាមានភាពងាយស្រួលនិងរកប្រាប់ចំណូលបានទ្វេ។ កសិករប្រទេសថៃមានបទពិសោធន៍ក្នុងការចិញ្ចឹមក្តាមក្នុងស្រែ ដែលអាចរកប្រាប់ចំណូលបានជាង១ពាន់ដុល្លារឡើងទៅក្នុងមួយរដូវ។ ជាទូទៅ តម្លៃក្តាមស្រែនៅកម្ពុជាក៏មានតម្លៃសមស្របទៅតាមទីផ្សារ ពោលគឺតម្លៃមធ្យម ៧០០០រៀលទៅ៨០០០រៀលក្នុងមួយគីឡូក្រាម។
ការចិញ្ចឹមក្តាមស្រែនៅក្នុងស្រែនេះ ពិតជាមានការពេញនិយមសម្រាប់កសិករថៃនិងកសិករវៀតណាម៕
អត្ថបទ៖ ស្រីណាត