ទឹកខ្មៅជ្រលក់ដៃជិត៥ម៉ឺនដប និងសន្លឹកឆ្នោតជិត១២លានសន្លឹក គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានដឹកទៅដល់ការិយាល័យបោះឆ្នោតជិត៣ម៉ឺនការិយាល័យនៅទូទាំងប្រទេសរួចជាស្រេចគិតមកដល់ពេលនេះ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅល្ងាចថ្ងៃទី៤ ខែមិថុនានេះ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី០៥ មិថុនាស្អែកនេះ។ សាលារៀនរដ្ឋនិងទីតាំងសាធារណៈរបស់រដ្ឋមួយចំនួន ត្រូវបានប្រើជាកន្លែងសម្រាប់ការបោះឆ្នោត។ ការទៅដល់នៃសន្លឹកឆ្នោតខ្លះរួមជាមួយនឹងទឹកខ្មៅជ្រលក់ដៃ ត្រូវបាន គ.ជ.ប បង្ខំចិត្តប្រើឧទ្ធម្ភាកចក្រដឹកជញ្ជូនសន្លឹកឆ្នោត ទឹកថ្នាំជ្រលក់ដៃ និងឯកសារបំរើឲ្យការបោះឆ្នោតមួយចំនួនទៅតំបន់ដាច់ស្រយ៉ានិងតំបន់ឆ្ងាយ។
បន្ទាប់ពីទឹកខ្មៅជ្រលក់ដៃជិត៥ម៉ឺនដប និងសន្លឹកឆ្នោតជិត១២លានសន្លឹកដឹកទៅដល់ការិយាល័យបោះឆ្នោតហើយនោះ ក្រុមការងារឬមន្ត្រីបំរើការបោះឆ្នោតប្រមាណជាង១៤ម៉ឺននាក់ក៏កំពុងមានវត្តមាននៅតាមទីតាំងការិយាល័យរៀងៗខ្លួន ដើម្បីត្រៀមចាក់សោរការិយាល័យទទួលអ្នកបោះឆ្នោតនៅថ្ងៃស្អែក។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួនសរុបជាង ៩,២លាននាក់ ហើយចំនួនអាសនៈមេឃុំ ចៅសង្កាត់នៅទូទាំងប្រទេសដែលគណបក្សទាំងអស់ត្រូវប្រជែងគ្នានោះគឺ១៦៥២ ឃុំ សង្កាត់។
ចំណែកឯការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសវិញមានចំនួន ២៣ ៦០២ការិយាល័យ។ ក្នុងចំណោមឃុំ សង្កាត់ទាំង១៦៥២ គឺមានតែគណបក្ស២ទេដែលដាក់បេក្ខភាពច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជាដាក់គ្រប់១០០% និងគណបក្សភ្លើងទៀន ដាក់បេក្ខភាពបានចំនួន ១៦២៣ឃុំ សង្កាត់៕