ខណៈរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ឈប់ការបង្កើតរោងចក្រធ្យូងថ្មថ្មីបន្ថែម យ៉ាងណាមិញរោងចក្រថាមពលមួយនេះដែលអនុម័តរួច នឹងនៅតែបន្តដំណើរការដដែល។
មន្រ្តីក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា បច្ចុប្បន្ននេះមានស្ថានីយធ្យូងថ្មចំនួន៣ទីតាំង កំពុងដំណើរការសាងសង់ដែលមានអនុភាពជាង ១៦០០ មេហ្គាវ៉ាត់នៅតាមបណ្តាខេត្តចំនួន៣។
រោងចក្រស្ថានីយធ្យូងថ្មទាំំង ៣ ទីតាំងដែលកំពុងដំណើរការសាងសង់ ទីមួយនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ មានអនុភាព ៧០០ មេហ្គាវ៉ាត់ ទីពីរនៅស្រុកបទុមសាគរខេត្តកោះកុង ដែលមានអនុភាព ៧០០ មេហ្គាវ៉ាត់ និងទីបីនៅខេត្តឧត្តរមានជ័យ ដែលមានអនុភាព ២៦៥ មេហ្គាវ៉ាត់។
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានប្រាប់ប្រតិភូរបស់ធនាគារពិភពលោកកាលពីពេលថ្មីៗនេះថា កម្ពុជាពុំអនុញ្ញាតឱ្យមានរោងចក្រផលិតថាមពលដើរដោយធ្យូងថ្មថ្មីទៀតទេ ដោយកម្ពុជានឹងជំរុញប្រើប្រាស់ឧស្ម័នធម្មជាតិពង្រាវដើម្បីផលិតថាមពលជំនួសវិញ។
បើតាមមន្រ្តីរូបនេះ ក្រៅពីគម្រោងដែលអនុម័តរួចដែលកំពុងសាងសង់ កម្ពុជាជំរុញប្រើប្រាស់ឧស្ម័នធម្មជាតិពង្រាវ (LNG) ដើម្បីផលិតថាមពលជំនួសវិញ ។
រាជរដ្ឋាភិបានកម្ពុជាបានដាក់គោលនយោយបាយបញ្ឈប់ការសាងសង់ស្ថានីយធ្យូងថ្មបន្ថែមទៀត ចាប់ពីឆ្នាំ២០២២។ ប៉ុន្តែចំពោះស្ថានស្ថានីយធ្យូងថ្មចំនួន ៣ ទីតាំងដែលកំពុងដំណើរការសាងសង់ នៅតែបន្តដំណើរការដដែល។
បច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយធ្យូងថ្មចំនួន ៣ កន្លែងកំពុងដំណើរការរួចហើយ ដែលមានអនុភាពតម្លើងសរុបចំនួន ៦៧៥ មេហ្គាវ៉ាត់ មានទីតាំងនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
បើតាមប្រភពពីក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ២០២១ កម្ពុជាបានទាញប្រភពផ្គត់ផ្គង់ថាមពលជាង ៦០ភាគរយ បានមកពីការប្រើប្រាស់ឥន្ធនៈផូស៊ីល ក្នុងនោះមានធ្យូងថ្ម និងប្រេង។ ចំណែកថាមពល៤០ភាគរយទៀត បានមកពីប្រភពកកើតឡើងវិញរួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់៕