នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារ ABA ហាក់ទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជាជាពិសេសគឺយុវវ័យតែម្ដង ហើយបើត្រឹមតែ៣ខែដំបូងនៃឆ្នាំ២០២២នេះ ធនាគារ ABAរកស៊ីចំណេញដល់ជាង៦៧លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី១របស់ធនាគារ ABA ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
បើយោងតាមលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ABA បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទី១ថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២២នេះ ទ្រព្យសកម្មរបស់ ABA កើនឡើង៥% ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២១ហើយទ្រព្យសកម្មកើនឡើងដល់៨.២ពាន់លានដុល្លារ។
សូមរម្លឹកដែរថា ធនាគារ ABA ដែលជាធនាគារជាតិនៃប្រទេសកាណាដា ក៏បានទទួលលិខិតសរសើរពីរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែករបស់ធនាគារក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនាមជាសហគ្រាសបង់ពន្ធច្រើនជាងគេទាំងបី ប្រចាំឆ្នាំ ២០២១ ដោយឆ្នាំមុន ស្ថិតក្នុងចំណោមអ្នកបង់ពន្ធច្រើនជាងគេលំដាប់ទី ១២។
ក្នុងលិខិតដដែលបានបញ្ជាក់ថា៖ “ABA ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមអ្នកបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការបង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះអនុលោមភាពសាសារពើពន្ធ។
លើសពីនេះ កាលថ្ងៃទី១៤ ខែធ្នូនេះ ធនាគារ ABA ក៏សម្រេចទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារ ពីក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ សម្រាប់គម្រោងវិនិយោគសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ។
ជាងនេះទៀត អំឡុងខែមេសា ឆ្នាំ ២០២២នេះ ធនាគារ ABA ក៏បានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ផងដែរ៕ អត្ថបទ រង្ស៊ី