នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Robin Flint លេខាទី១ នៃស្ថានទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្តីពីគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ជូនដល់មន្ត្រីរាជការ និងវិស័យឯកជនមួយចំនួន នៅទីស្តីការក្រសួង។

ស្របជាមួយនឹងការវិវត្តរីកចម្រើនលើវិស័យសំណង់ សុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ គឺជាតម្រូវការជាចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងកាត់បន្ថយនូវហានិភ័យនានា ដល់អ្នកពាក់ព័ន្ធនឹងការងារសំណង់ ជាពិសេសកម្មករ និយោជិត និងបុគ្គលិកនៅតាមបណ្តាការដ្ឋានសំណង់នានា។ ក្នុងន័យនេះ ក្រសួងរៀបចំដែនដី បានដាក់ចេញនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីពង្រឹងនិងលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពដល់កម្មករ និយោជិត និងបុគ្គលិកនៅតាមបណ្តាការដ្ឋានសំណង់នានា ឱ្យកាន់តែប្រសើរឡើង។

ឆ្លើយតបនឹងបញ្ហាខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្ត្រាលី បានបង្កើតកិច្ចសហប្រតិបត្តិការ រៀបចំគោលការណ៍ណែនាំស្តីពីសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ ដែលជាបញ្ញត្តិមួយ សម្រាប់ការបណ្តុះបណ្តាល ការណែនាំ និងការយល់ដឹងរបស់កម្មករ និយោជិត ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នៅតាមការដ្ឋានសំណង់ និងដែលអាចបង្កផលប៉ះពាល់ដល់សុខភាព អាយុជីវិត និងផែនការនៃគម្រោងសាងសង់៕




