លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទោះបីមានផលប៉ះពាល់ពីវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញនៅតែបន្តទទួលគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ដែលមានទំហំទុនវិនិយោគជាង ២,២៦ ពាន់លានដុល្លាអាមេរិក។
អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងក្នុងឱកាសចូលរួមពិធីសម្ពោធ ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរនៅព្រឹកមិញថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗ ចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ។
បើតាមអ្នកជំនាញបានឲ្យដឹងថា ដំណើរការនៃការសាងសង់អាគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញនៅតែមានការរាំងស្ទះ ដោយសារតែវិនិយោគិនភាគច្រើនជាជនបរទេស ខណៈគម្រោងសាងសង់បុរីគឺនៅដំណើរការធម្មតា ព្រោះវិនិយោគិនភាគច្រើនគឺនៅក្នុងស្រុក។
ក្រោយស្ថានភាពកូវីដមានភាពធូរស្រាល ស្របពេលរដ្ឋាភិបាលបានចាត់វិធានការរួមទាំងបើកប្រទេសឡើងវិញ ឃើញថាគម្រោងសាងសង់ដែលរាំងស្ទះ បានចាប់ផ្តើមដំណើរការឡើងវិញបើទោះបីមិនច្រើនដូចមុនសម័យកូវីដក៏ដោយ៕