កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញារឹតចំណង់ពាណិជ្ជកម្ម ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានសន្ទុះខ្លាំង។ការប្រកាសប្តេជ្ញារួមគ្នានេះ គឺដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងកំណត់យន្តការអាទិភាព សំដៅពង្រឹងបន្ថែមនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត។
នេះបើតាមជំនួបពិភាក្សាការងារ រវាងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយឯកឧត្តម Kayaan K. Unwalla ទីប្រឹក្សាអនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ។
ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានគាំទ្រលើគំនិតផ្តួចផ្តើមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ តាមរយៈក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) និងបានស្នើក្រុមការងារអេមីរ៉ាតអារ៉ាប់រួម រៀបចំសេចក្តីព្រាងលក្ខន្តិកៈយោង (Terms of Reference) ក៏ដូចជារួមគ្នាសិក្សាស្រាវជ្រាវពីភាពអាចធ្វើបាន (Feasibility study)។
ជាកិច្ចឆ្លើយតប ឯកឧត្តម Kayaan ក៏បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀង CEPA ជាមួយកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីព័ត៌មានពាក់ព័ន្ធនឹងនីតិវិធី និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលអាចកើតមាន។
គួរបញ្ជាក់ដែរថា ផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១០០ លានដុល្លារក្នុងឆ្នាំ២០២០ និង ១៥០ លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនក្នុងអត្រាប្រមាណ ៥០% បើទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជម្ងឺកូវីត-១៩ ក៏ដោយ។ ទីផ្សារទំនិញភាគច្រើន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក។
យ៉ាងណា តាមរយៈកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ពិនិត្យលទ្ធភាពក្នុងការស្វែងយល់បន្ថែមអំពីនីតិវិធី និងលក្ខន្តិកៈនានា ព្រមទាំងសិក្សាស្រាវជា្រវលម្អិតពីអត្ថប្រយោជន៍នៃការបង្កើត CEPA នៅវេលាសមស្របនាពេលខាងមុខថែមទៀត៕