បើនិយាយពីហាងលក់មាសពេជ្រនៅរាជធានីភ្នំពេញមានច្រើន តែហាងលក់មាសពេជ្រ ៣ កន្លែងនេះកំពុងសាងកេរ្តិ៍ឈ្មោះ និងមានការគាំទ្រច្រើនពីមហាជន។
ហាងលក់មាសពេជ្រ លី ហួរ
ឧកញ៉ា លី ហួរ ជាអ្នកជំនួញជើងចាស់ដែលមនុស្សភាគច្រើនស្គាល់ជាអ្នកជំនួញរកស៊ីលក់មាសប្ដូរប្រាក់លី ហួរ តាំងពីទសវត្ស ៨០ មកម៉្លេះ។

នៅឆ្នាំ១៩៨៥ ឧកញ៉ាលី ហួរ និងភរិយា បានមើលឃើញឱកាសទីផ្សារទិញលក់មាស ក៏បានចាប់ផ្ដើមជួញដូរទិញលក់មាស ដោយចាប់ផ្ដើមពីដើមទុនមាសចំនួនពីរជី។ បច្ចុប្បន្ន លី ហួរ គ្រុប ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការអាជីវកម្មច្រើនប្រភេទក្នុងពហុវិស័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
ហាងលក់មាសពេជ្រ ហេង ឆៃទិត
នៅម្តុំផ្សារធំថ្មីមានហាងលក់មាសពេជ្រជាច្រើនកន្លែង ប៉ុន្តែហាងលក់មាស ហេង ឆៃទិត ជាហាងដ៏ធំមួយមានការស្គាល់ច្រើនពីមហាជន។

ហាងលក់មាសពេជ្រ ហេង ឆៃទិត ល្បីខ្លាំងកាលពីជំនាន់ទសវត្សរ៍ ៩០ និងដើមឆ្នាំ២០០០ ដោយសារមានការផ្សព្វផ្សាយតាមបណ្តាញកញ្ចក់ទូរទស្សន៍ រួមទាំងប្រព័ន្ធផ្សព្វផ្សាយនានា ដែលនាំកេរ្តិ៍ឈ្មោះហាងលក់មាសដ៏ធំនេះទទួលស្គាល់ច្រើនក្នុងចំណោមមហាជនទូទៅ។
ហាងលក់មាសពេជ្រ ទ្រី ដាណា
វិវឌ្ឍពីអាជីវកម្មលក់ផលិតផលសុខភាពនិងសម្រស់ ហាងលក់មាសពេជ្រ ទ្រី ដាណា ទើបតែចាប់បើកដំណើរការប៉ុន្មានឆ្នាំនេះទេ តែសាងកេរ្តិ៍ឈ្មោះនិងគាំទ្រពីមហាជន តាមរយៈប្រជាប្រិយភាពរបស់អ្នកស្រី ទ្រី ដាណា ជាម្ចាស់ហាងផ្ទាល់តែម្តង។

មានប្រវត្តិជាក្មេងលំបាកក្រខ្សត់ ដើរលក់របស់តាមផ្សារតាំងពីនៅតូចៗ ដើម្បីរកអង្ករច្រកឆ្នាំង ហើយដោយសារតែការតស៊ូបានខិតខំរកស៊ី ដាក់ដើមទុនពីមុខរបរលក់គ្រឿងសម្អាងទទួលបានភាពជោគជ័យ រហូតមានលទ្ធភាពបើកហាងលក់មាសពេជ្រដ៏ធំមួយ។
ហាងលក់មាសពេជ្រ ទ្រី ដាណា ឃើញថាពង្រីកខ្លួនធំទៅៗនៅម្តុំព្រែកព្នៅ ខណៈអាជីវកម្មលក់ដូររាល់ថ្ងៃកាន់តែកាក់កប មានអតិថិជនចេញចូលឥតដាច់៕