សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា នៅក្នុងប្រទេស កម្ពុជាមិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់នោះឡើយ។ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពសមុទ្ររាម គ្រាន់តែជាការធ្វើទំនើបកម្ម ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះ មិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ចិននោះទេ។ ការបញ្ជាក់ជាថ្មីរបស់សម្ដេចពិជ័យសេនា ដូចនេះបានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃ ទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយដល់ប្រទេសនៅក្នុងតំបន់ទេ។ រាម គឺជាដែនអធិបតេយ្យរបស់កម្ពុជា ការចាត់ចែងប្រើប្រាស់ ឬក៏ការអភិវឌ្ឍន៍ណាមួយជាសមត្ថកិច្ចរបស់កម្ពុជា ដែលការកសាងនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមបច្ចុប្បន្នដែលមិនមានអ្វីទាំងស់។
បន្ថែមលើនេះ ប្រមុខការពារជាតិកម្ពុជា ក៏បានបញ្ជាក់ដែរ៖ «កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក (កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ)»។
ជុំវិញការចោទប្រកាន់ថា មានមូលដ្ឋានកងទ័ពបរទេសក្នុងទឹកដីប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែមិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះនិងបានបញ្ជាក់ថាកម្ពុជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ ។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រប៉ុណ្ណោះ៕