លោកស្រី ហ៊ាង អូមួយ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Camsolution Technology បានចែករំលែកគន្លឹះចំនួន៣ចំណុច បើសិនជាចង់ក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់។

ប្រធានវិទ្យាស្ថាន TUX Global រូបនេះ បានថ្លែងក្នុងកម្មវិធីតម្រង់ទិសអំពីជំនាញសហគ្រិន ជូនដល់និស្សិតវិស្វកម្មសាលាតិចណូ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះថា ការក្លាយជាសហគ្រិន ឬ CEO ម្នាក់គឺជាដំណើរផ្លូវដ៏វែងឆ្ងាយ ប៉ុន្តែលោកស្រីសូមចែករំលែកនូវគន្លឹះសំខាន់ចំនួន៣ ដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យ ដែលមានដូចជា៖
១. ធ្វើអ្វីដែលអ្នកកំពុងធ្វើឱ្យបានល្អបំផុត៖ បើអ្នកកំពុងនៅទីណា កំពុងតែធ្វើរឿងអ្វី គឺត្រូវតែប្រមូលអារម្មណ៍ និងផ្តោតធ្វើតែការងារនោះឱ្យបានល្អបំផុត កុំបណ្តោយអារម្មណ៍ទៅគិតរវើររវាយរឿងផ្សេងៗច្រើនពេក។
២. ជាសហគ្រិន មិនមែនដើម្បីឡូយនោះទេ តែត្រូវគិតជួយដល់សង្គមជាតិ និងរកវិធីដោះស្រាយបញ្ហាជូនអតិថិជន និងសង្គម។
៣. សហគ្រិន តែងតែចាប់ផ្តើមគំនិតថ្មី មិនមែនចម្លងពីគេនោះទេ។

លោកស្រី ហ៊ាង អូមួយ ក៏បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីក្លាយជាសហគ្រិនបាន មិនមែនចាប់ផ្តើមភ្លាមអាចក្លាយជាសហគ្រិននោះទេ តែជំហានដំបូងគឺត្រូវទៅធ្វើការនៅស្ថាប័នធំៗណាមួយសិន ដើម្បីរៀនសូត្រ និងបានបទពិសោធន៍ពីគេ។ ក្នុងនាមជាសហគ្រិន ចាប់អ្វីត្រូវចាប់ឱ្យច្បាស់ ហើយចំណុចពិសេសទៀតនោះ ត្រូវមានអាកប្បកិរិយាល្អ មានគុណធម៌ មានវិន័យល្អ និងចេះបង្កើតទំនាក់ទង ឬបណ្តាញឱ្យបានច្រើន៕

