វត្តមាននៃរោងចក្រតំឡើងរថយន្ត Ford នៅស្រុកក្រគរខេត្តពោធិ៍សាត់បានធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន ខណៈស្រុកមួយនេះក៏កំពុងទាក់ទាញរោងចក្រសហគ្រាសធំៗមួយចំនួន បានបោះទុនវិនិយោគរាប់សិបលានដុល្លារ បង្កើតការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងមូលដ្ឋាន។
តោះ! មកស្គាល់រោងចក្រធំៗទាំង៥ក្នុងស្រុកក្រគរ ដែលជាស្រុកអាទិភាពមួយក្នុងវិស័យឧស្សាហកម្ម រោងចក្រ ក៏ដូចជាការអភិវឌ្ឍក្នុងចំណោមស្រុកទាំងអស់ក្នុងខេត្តពោធិ៍សាត់។
១. រោងចក្រផលិតថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ
រោងចក្រផលិតថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ វិនិយោគដោយក្រុមហ៊ុន Shnei Tec Co,Ltd ជារោងចក្រផលិតអគ្គិសនីដើរដោយព្រះអាទិត្យធំជាងគេនៅកម្ពុជា។ សាងសង់ឡើងលើផ្ទៃដីចំនួន ១៣៥ ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ដែលមានតម្លៃប្រមាណ ២៨លានដុល្លារអាមេរិក។
បច្ចុប្បន្ននេះ ស្ថានីយនេះមានអនុភាពបញ្ចេញថាមពលចូលបណ្តាញជាតិរហូតដល់៩០មេកាវ៉ាត់ (MKV) ឡើងដល់១៥០ មេកាវ៉ាត់ (MKV)។ ការបង្កើតនូវរោងចក្រមួយនេះ បានចូលរួមបង្កើនការងារ ដល់ប្រជាជនក្នុងស្រុកមួយភាគ រួមទាំងជួយបង្កើនសេដ្ឋកិច្ចក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញផងដែរ។
២. រោងចក្របង្គំ និង តម្លើងរថយន្ត Ford
ក្រុមហ៊ុន Ford របស់សហរដ្ឋអាមេរិកបានបណ្តាក់ទុនវិនិយោគ រោងចក្របង្គំ និងតម្លើងរថយន្តដែលមានទឹកប្រាក់វិនិយោគប្រមាណ ២១ លានដុល្លារ មានទីតាំងស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។ រោងចក្រនេះផ្តោតសំខាន់ទៅលើដំណើរការផ្គុំតម្លើងទៅលើរថយន្តដំបូងគឺ Ford Ranger និង Ford Everest។
ការបង្កើតនូវរោងចក្រនេះឡើង បានបន្ថែមការងារដល់ប្រជាពលរដ្ឋបានប្រមាណ ៥០០ នាក់ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាលើកកម្ពស់ជីវភាពកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តជាដើម។
៣. រោងចក្រផលិតត្រង់ស្វូ (Emax Electric co.,Ltd) និង គ្រឿងបរិក្ខាអគ្គិសនី
រោងចក្រនេះជារោងចក្រមួយរបស់ប្រទេសចិន ដែលសម្ពោធចាប់ផ្តើមផលិតជាផ្លូវការ កាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០១៩កន្លងទៅ។ រោងចក្រផលិតត្រង់ស្វូអគ្គិសនីមួយនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ សារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរនៃខេត្តពោធិ៍សាត់។
ការបង្កើតនូវរោងចក្រនេះ ជាការគ្រោងផ្គត់ផ្គង់ផលិតផលរបស់ខ្លួនមួយចំនួនជូនអគ្គិសនីកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលពីបរទេសនិងបង្កើតការងារជូនវិស្វករខ្មែរ។
៤. រោងចក្រផលិតខ្សែភ្លើង (ថូភេក អេឡិកទ្រីក)
ជារោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី ដែលមានទីតាំងស្ថិតនៅភូមិ សារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ដោយចំណាយទុនវិនិយោគប្រមាណ ៨,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋបានចំនួនជាង៥៧៩កន្លែង។
៥. រោងចក្រកាត់ដេរសម្លៀកបំពាក់
រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានស្លាកយីហោ” តៃអ៊ីហ្ស៊ី” (Thaieasy) ជារោងចក្រសម្លៀកបំពាក់ដំបូងក្នុងស្រុកក្រគរ ដែលជាកន្លែងផ្តល់ការងារជាច្រើនដល់កម្មករកម្មការី ទាំងក្នុងស្រុកនិងក្រៅស្រុកជាពិសេសប្រជាជនក្នុងស្រុកតែម្តង សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រមទាំងជាតម្រូវការទីផ្សារផងដែរ។
ទីតាំងរោងចក្រកាត់ដេរសម្លៀលបំពាក់នេះ ស្ថិតនៅ ភូមិទទឹង ឃុំអន្លង់ត្នោត ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រៅពីរោងចក្រធំៗទាំង៥នេះ ក៏មានរោងចក្រក្រុមហ៊ុនជាច្រើនទៀតលើទឹកដីក្រគរនេះរួមមាន៖ ក្រុមហ៊ុន ភាពីម៉ិចវិនិយោគវិស័យកសិកម្ម ក្រុមហ៊ុនឌីឌីអឹមអិលវិនិយោគកិនថ្ម រោងចក្រផ្គុំនិងតម្លើងបរិក្ខាអគ្គិសនី រួមទាំងមានគម្រោងពហុកីឡាដ្ឋានអន្តរជាតិនិងរោងចក្រ ខ្នាតតូច មធ្យមជាច្រើនផងដែរ៕
អត្ថបទ៖ ស៊ីណាត