ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ មានកំណើនរហូតដល់៥.៨ភាគរយ ខណៈនៅឆ្នាំ២០២២នេះ មានកំណើន៤.៥ភាគរយ ។ នេះបើតាមរបាយការណ៍របស់ World Bank ដែលចេញផ្សាយកាលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
ការព្យាករណ៍របស់ធនាគារពិភពលោកនាពេលនេះ គឺត្រូវបានបង្ហាញឡើងតាមរយៈរបាយការណ៍ចុងក្រោយមួយ ក្រោមចំណងជើងថា «GLOBAL ECONOMIN PROSPECTS» ដែលនិយាយអំពីហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច បានកើនឡើងស្របពេល នៃការធ្លាក់ចុះគំហុកនៃល្បឿនកំណើនសេដ្ឋកិច្ច។
បើតាម លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានក្រុមធនាគារពិភពលោក បានថ្លែងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច កំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឲ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ។
ប្រធានក្រុមធនាគារពិភពលោករូបនេះ ក៏បានបន្ដទៀតថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូវជំរុញផលិតកម្មឲ្យសកម្មថែមទៀត ហើយច្រៀងវាងឲ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរ ក្នុងគោលនយោបាយផ្នែកសារពើពន្ធ, រូបិយវត្ថុ, អាកាសធាតុ និងបំណុល ក៏កិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឲ្យបាននូវការបែងចែកធនធានមិនចំគោលដៅ និងវិសមភាព។
គួរបញ្ជាក់ដែរថា កាលពីដើមខែមករា ឆ្នាំ២០២២ ធនាគារពិភពលោក ក៏ធ្លាប់បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើន ដូចនាពេលបច្ចុប្បន្ននេះផងដែរ ដោយនៅក្នុងឆ្នាំ២០២២ មានការកើនឡើង៤.៥% និងឆ្នាំ២០២៣ មានការកើនឡើង៥.៨% ខណៈដែលមានការស្តារសេដ្ឋកិច្ច ក្នុងស្រុកល្អប្រសើរ៕