អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឱ្យវិនិយោគិនចិន ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ ពន្ធមធ្យម និងពន្ធតូចដែលកំពុងវិនិយោគនៅកម្ពុជា ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំក្រុមការងារភាពជាដៃគូ រវាងអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មចិន (កម្ពុជា) កាលពីថ្ងៃទី៩ មិថុនាម្សិលមិញ។
ថ្លែងក្នុងពិធីនោះ លោក គង់ វិបុល បានសង្កត់ធ្ងន់ចំពោះអ្នកដែលមិនទាន់បានមកចុះបញ្ជីពន្ធដារ សូមមកចូលរួមចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
ក្នុងន័យនេះ លោកអគ្គនាយកដ្ឋានពន្ធដារ គូសបញ្ជាក់ថា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ចិន ដែលបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ សហគ្រាសអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដែលអាចស្នើសុំដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួលជូនអ្នកជាប់ពន្ធ។
យ៉ាងណាបើតាមសេចក្តីប្រកាសព័ត៌មានអំពីកិច្ចប្រជុំលើកនេះ បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មចិន (កម្ពុជា) បានសារទរ ហើយនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងការចែករំលែកព័ត៌មាន បន្តពង្រឹងការកិច្ចសហការភាពជាដៃគូ និងផ្តល់សេវាពន្ធដារ ឱ្យកាន់ប្រសើរឡើងថែមទៀត ក្នុងគោលដៅកាត់បន្ថយជាអតិបរមា នូវបញ្ហាប្រឈមនានា៕