រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូននៃកម្ពុជាបានបញ្ជាក់ពីជំនួយរបស់រដ្ឋាភិបាលចិន ដែលបានផ្តល់ថវិការាប់ពាន់លានដុល្លារ លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ថ្លែងក្នុងជំនួបជាមួយប្រតិភូវិទ្យុចិន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា មិត្តចិនបានជួយកសាងផ្លូវ ៣៧ ខ្សែ ចម្ងាយ ៣៦៣៦គីឡូម៉ែត្រនៅកម្ពុជា ក្នុងនោះ ៣០ខ្សែបានធ្វើរួចរាល់ ខណៈ ៣ ខ្សែទៀតកំពុងសាងសង់ និង ៤ខ្សែទៀត ត្រៀមបើកការដ្ឋានសាងសង់នាពេលខាងមុខ។

លោករដ្ឋមន្រ្តីបានបន្តថា ចិនក៏បានជួយកសាងស្ពាន ចំនួន១២ ហើយក៏ត្រៀមសហការបន្តលើកម្ពស់ផ្លូវជាតិសំខាន់ៗមួយចំនួនទៀត ព្រមទាំងគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ និងផ្លូវរថភ្លើងល្បឿនលឿនផងដែរ។
ទាក់ទងការចោទប្រកាន់ដែលថា «គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ គឺជាអន្ទាក់បំណុល» លោករដ្ឋមន្រ្តីបានបញ្ជាក់ថា គឺជាចោទប្រកាន់មិនត្រឹមត្រូវទេ ព្រោះថា ប្រទេសនីមួយៗ មានតួនាទីពិនិត្យ និងគ្រប់គ្រងប្រាក់កម្ចីរបស់ខ្លួនដោយខ្លួនឯង ជាពិសេស កម្ចីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងនោះ។ បើតាមលោករដ្ឋមន្រ្តី គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន កំពុងតែផ្តល់ផលប្រយោជន៍ដល់ពិភពលោក តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់កាន់តែល្អប្រសើរ កាត់បន្ថយពេលវេលា និងការចំណាយសម្រាប់ការដឹកញ្ជូន ដែលជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ផ្ទុយមកវិញ លោកស៊ុន ចាន់ថុល កោតសរសើរគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានរដ្ឋចិន បានចែករំលែកទាំងបទពិសោធន៍ និងធនធាន ដល់ប្រទេសទាំងអស់ ដើម្បីយកមកអនុវត្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យការដឹកជញ្ជូនលើពិភពលោកលឿនជាងមុនិងថោកជាមុន៕