នៅរាជធានីភ្នំពេញមានគម្រោងបុរីនិងសំណង់ផ្ទះល្វែងមិនក្រោម ៣០០ នោះទេ។ យ៉ាងណាមិញ មានចំណុចសំខាន់មួយចំនួន ដែលអ្នកគួរពិចារណាជាមុនសិន ដើម្បីស្វែងរកផ្ទះដែលសមស្រប ចៀសវាងមានបញ្ហានាំឲ្យខាតពេលនិងខាតលុយ។
ឧកញ៉ាញូសន៍នឹងបង្ហាញគន្លឹះណែនាំពីការទិញផ្ទះតាមបទពិសោធន៍ខាងក្រោម៖
ហេដ្ឋារចនាសម្ព័ន្ធ
មានតែផ្ទះបើខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ពិបាករស់នៅដែរ។ ច្បាស់ណាស់មុនទិញ ត្រូវសិក្សាពីហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធទឹក ភ្លើង ប្រព័ន្ធលូ កុំឲ្យទិញហើយមានបញ្ហាជាក្រោយ។
ទីតាំងគម្រោង
តើផ្ទះដែលអ្នកគ្រោងទិញសម្រាប់តែស្នាក់នៅ ឬអាចប្រកបអាជីវកម្មបាន។ លក្ខណ្ឌផ្ទះទាំងពីរនេះខុសគ្នា ហើយតម្លៃក៏ខុសគ្នាដែរ។ ត្រូវសួរខ្លួនឯងសិនតើផ្ទះនោះស្ថិតនៅតំបន់ណា អាចប្រកបអាជីវកម្មបាន និងមានគម្រោងធំៗអភិវឌ្ឍនៅជិតដែរឬទេ?
ប្រភេទប្លង់
ពិនិត្យឲ្យច្បាស់តើផ្ទះដែលអ្នកទិញគេផ្តល់ជាប្លង់បែបម៉េច? កាន់តែជឿជាក់បើអ្នកទទួលបានប្លង់រឹង ដែលនឹងធានាកម្មសិទ្ធិច្បាស់លាស់។ តែបើត្រឹមប្លង់ទន់ ក៏ត្រូវប្រយ័ត្នដែរការពារមានបញ្ហា។
មានច្បាប់ត្រឹមត្រូវ
សំណង់ដែលអាចសាងសង់ដោយស្របច្បាប់ ត្រូវមានឯកសារ ៣ សំខាន់ ១/ប័ណ្ណចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម ២/អាជ្ញាប័ណ្ណបុរី ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង៣/ អាជ្ញាប័ណ្ណសាងសង់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
បើខ្វះឯកសារណាមួយ សំណង់នោះមិនស្របច្បាប់នោះទេ ហើយពេលណាអ្នកត្រូវការកម្ចីពីធនាគារក៏ធនាគារទាមទារឯកសារទាំងនោះ ដើម្បីបញ្ជាក់ពីភាពស្របច្បាប់លើសំណង់ដែលអ្នកទិញពីគម្រោង៕