ប្រមុខរដ្ឋាភិបាល៖ប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការឡើងវិញសម្រាប់ឆ្នាំ២០២២

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសថា នឹងដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធឡើងវិញ សម្រាប់នៅឆ្នាំ២០២២ នេះតាមការសន្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅពេល សម្ដេចអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងក្នុងកម្មវិធីនេះ សម្តេចតេជោ​បញ្ជាក់បាន​ថា ​«កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ យើងមិនបានដំឡើងប្រាក់ខែដល់មន្ត្រីរាជការនោះឡើយ ដូច្នេះសម្រាប់ឆ្នាំ២០២២នេះ យើងនឹងមានការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ តែយើងដំឡើងនេះ មិនគិតជាភាគរយនោះទេ គឺយើងមានរបៀបឡើងរបស់វា មានន័យថា អ្នកប្រាក់បៀវត្សទាប នឹងត្រូវបានដំឡើងបានច្រើន រីឯអ្នកមានបៀវត្សខ្ពស់ ដំឡើងបានតិច។ លើសពីនេះ ពិដានពន្ធលើប្រាក់បៀវត្សក៏ត្រូវបានដំឡើងផងដែរដើម្បីជួយសម្រួលដល់មន្រ្តីរាជការ»។

សម្តេច ក៏បានបញ្ជាក់បន្ថែមថា ការ​ឡើង​នោះ គឺផ្តល់អាទិភាពជាងគេ គឺដល់គ្រូបង្រៀន និងគ្រូពេទ្យ។

សូមបញ្ជាក់ថា ការប្រកាសដំឡើងប្រាក់ខែ ដល់មន្ត្រីរាជការឡើងវិញនេះ គឺធ្វើឡើងស្របពេលដែលកម្ពុជាមានភាពធូរស្រាលពីបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ ខណៈមានការខកខានមិនបានដំឡើងរយៈពេល២ឆ្នាំហើយផងដែរ៕