ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Bertrand LORTHOLARY ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើង អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិល្អលើគ្រប់វិស័យ និងបានថ្លែងអំណរគុណចំពោះប្រទេសបារាំង និងប្រជាជនបារាំង ដែលកន្លងមកតែងបានគាំទ្រជួយជ្រោមជ្រែងកម្ពុជា ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក្នុងដំណើរការកសាងអភិវឌ្ឍប្រទេស ហើយនៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កន្លងមកនេះ ប្រទេសបារាំងក៏បានជួយដល់កម្ពុជាក្នុងប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការឧបត្ថម្ភជាថវិកាដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវដ៏សំខាន់មួយនៅក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ នៅក្នុងវិស័យការពារជាតិវិញ កងទ័ពបារាំងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពយោធិនកម្ពុជានៅសាលានាយទាហានសកម្មត្មាតពង និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។
ជាការឆ្លើយតប លោក Bertrand LORTHOLARY បានថ្លែង អំពីមនោសញ្ចេតនា និងចំណងផ្សារភ្ជាប់ដ៏ជិតស្និទ្ធរបស់លោកជាមួយនឹងប្រទេសកម្ពុជា ខណៈដែលលោកធ្លាប់ជាកម្លាំងថែរក្សាសន្តិភាពរបស់ប្រទេសបារាំង ដែលបំពេញបេសកកម្មនៅកម្ពុជាកាលពី ៣០ ឆ្នាំមុន ក្នុងសម័យកាល UNTAC និងបានរំលេចថា ការណ៍នេះក៏អាចជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបារាំង និងកម្ពុជា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ។ ហើយមកទល់សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ក៏នៅបន្តអនុវត្តរួមគ្នាចាប់ជាប្រចាំ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការឧបត្ថម្ភគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជាលើការងារថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ក្រៅពីនេះ ការពិភាក្សាក៏បានផ្តោតផងដែរលើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលកើតមាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។