ឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងយ៉ាងហ្គូន បានបង្ហាញការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-បង់ក្លាដែស ឱ្យមានកម្រិតឈានឡើង ស្របតាមសុឆន្ទៈ និងគោលការណ៍របស់ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសបង់ក្លាដែស ដែលបានផ្តល់សារៈសំខាន់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា។
ការបង្ហាញការប្តេជា្ញចិត្តរបស់ អនុព័ន្ធយោធាបង់ក្លាដែសដូចនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលណែនាំខ្លួន និងពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman ក៏បានបង្ហាញក្តីរីករាយ ចំពោះការបំពេញតួនាទីក្នុងមុខតំណែងជាអនុព័ន្ធយោធាទទួលបន្ទុកប្រទេសកម្ពុជាផងដែរ ។
ក្នុងជំនួបនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានរំឭកអំពីចំណងមិត្តភាពយូរលង់កម្ពុជា-បង់ក្លាដែស ចាប់តាំងពីឆ្នាំ១៩៧៣ និងការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបង់ក្លាដែស ក៏បានបញ្ជូនកងកម្លាំងមួកខៀវមកបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា រហូតមកទល់ពេលនេះ ប្រទេសទាំងពីរនៅរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសក្តានុពលសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍជនបទ, វិស័យទេសចរណ៍ និងកសិកម្ម ជាដើម។ ចំពោះវិស័យយោធា ថ្វីត្បិតតែកិច្ចសហប្រតិបត្តិការក្នុងផ្នែកនេះនៅមានកម្រិតតិចតួច ប៉ុន្តែក្នុងអនាគតខាងមុខ គឺអ្វីៗនឹងមានភាពប្រសើរឡើង ដោយសារក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគី ដើម្បីជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ៕