តាមការគ្រោងទុកការសាងសង់ព្រលានសម្រាប់ចុះចតយន្តហោះខ្នាតយក្ស 4F នឹងបញ្ចប់ការសាងសង់នៅ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវនៅដើមឆ្នាំដើម២០២៥ ខណៈបច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាលនេះ សម្រេចការសាងសង់បានជាង ៣៣ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងដំណើរអញ្ជើញទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល រួមជាមួយអ្នកវិនិយោគជាច្រើនរូប នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២នេះ។

លោក ម៉ៅ ហាវណ្ណាល់ បានបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាលបានចាប់ផ្តើមដំណើរកសាងសង់នៅតាំងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ហើយក្នុងរយៈពេលជាង២ឆ្នាំនេះ បើទោះជាកម្ពុជា ជួបវិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលានយន្តហោះអន្តរជាតិមួយនេះ នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្មភាព នៅលើប្លង់ព្រលានយន្តហោះលំដាប់ផ្កាយប្រាំ និងមានរចនាបថទំនើបរបស់អន្តរជាតិ ដែលបច្ចុប្បន្នសាងសង់បានប្រមាណជាង៣៣ភាគរយ។
លោក ម៉ៅ ហាវណ្ណាល់ បន្តទៀតថា ជារួមនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចតនៅរាជធានីភ្នំពេញនេះ ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។

ជាមួយគ្នានេះ លោក ឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន Cambodia Airport Investment (CAIC) បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល បច្ចុប្បន្នបាននឹងកំពុងសាងសង់នៅលើទំហំប្រមាណ ២៦០០ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចំងាយពីប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ ។
លោក ឆារស៍ វ៉ាន់ បន្តថា ការសាងសង់មាន៣ដំណាក់កាល ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុនបាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គ.ម សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ហើយដំណាក់កាលទី២ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ បន្តពង្រីកសាងសង់ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិអោយបាន ៤៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០តទៅ។
លោក បន្តថា នៅក្នុងដំណាក់ដំបូងនេះ ក្រុមហ៊ុនCAIC បាននឹងកំពុងដំណើរការសាងសង់បានប្រមាណ ៣៣% ដោយបានចំណាយថវិកាអស់ប្រមាណ ៤៦១លានដុល្លាអាមេរិច ។
គួរបញ្ជាក់ថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល៕
