រដ្ឋមន្ត្រីបរិស្ថាន បញ្ជាក់​ថា កម្ពុជា អាចលក់​​តួនាទីព្រៃ​ឈើ ដែល​ការ​ពារប្រ​ព័ន្ធអេកូឡូស៊ី បាន​ប្រមា​ណ ១១​លាន​​ដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

មណ្ឌលគិរី ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស កម្ពុជាអាចលក់តួនាទីព្រៃឈើ ដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន បានប្រមាណ ១១លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារ​ប្រព័ន្ធអេកូ​ឡូស៊ី និងភពផែនដីតាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពី​ពេលថ្មីៗនេះ នៅអំឡុងពេលឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរ​ខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនានា ជួបសំណេះសំណាល ជាមួយសហគមន៍ ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២ នៃគម្រោង​រ៉េដបូកនៃដែនជម្រក​សត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រ នៃដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង​ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រក​សត្វព្រៃតាតៃក្នុងក្រប ខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការ ពារនិងអភិរក្ស ក៏ដូចជាជួយ​លើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោល​ការណ៍ហិរញ្ញប្បទាននិរន្តរភាព។

ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វ​ព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី​ប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទី​ផ្សារកាបូន​ស្ម័គ្រចិត្ត។

ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅ​មាន​មុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយា​កាសដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះ​កញ្ចក់​សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើក​ទឹកចិត្ត​ដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល (Result-Based Payment)។

ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្រប​ដណ្តប់ប្រ​មា​ណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅ​ក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេស​កម្ពុជា គឺ​ស្មើនឹងប្រមាណ ៧,២លានហិកតា។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹក និងថាម​ពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការ​កាត់បន្ថយ​ការប្រែប្រួលអាកាសធាតុ។ រហូតមកទល់នឹងឆ្នាំ២០១៩ សហគមន៍ការ​ពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានា អង្គការដៃគូរួមមានអង្គការ WCS និង WWF នៅកម្ពុជា រួមនឹងប្រជាសហគ​មន៍ដែល​បាន​ចូល រួមការពារនិងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែង​ក្នុងការគ្រប់​គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជា​អាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បីការងារអភិរក្សធនធានធម្មជាតិ និងអភិ​វឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕