ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានចេញសេចក្ដីជូនដំណឹង ដល់ពលរដ្ឋខ្មែរដែលមានបំណងធ្វើដំណើរកម្សាន្តទៅកាន់កោះជេជូ នៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការទៀតនោះទេ។
សម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិត ឆ្លងដែនផ្លូវការ (Official passport) និងការទូត (Diplomatic passport) អាចធ្វើដំណើរកម្សាន្តទៅកោះទេសចរណ៍ដ៏ពេញនិយមនេះដោយមិនបាច់ប្រើទិដ្ឋាការចាប់ពីថ្ងៃ ០១ ខែមិថុនាឆ្នាំ២០២២។

ដោយឡែក អ្នកដំណើរទៅកោះជេជូ ដែលកាន់លិខិតឆ្លងដែនធម្មតា (Normal passport) រួចមានបំណងចង់បន្តដំណើរទៅតំបន់ផ្សេងៗទៀតនៃសាធារណរដ្ឋកូរ៉េ ត្រូវស្នើសុំនិងទទួលការអនុញ្ញាតការបន្តការស្នាក់នៅតំបន់ (Permission for Extension of Sojourn Area) ពីប្រធានការិយាល័យអន្តោប្រវេសន៍នៃកោះ ជេជូ ជាមុនសិន។
កោះជេជូ ជាកោះទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងស្ថិតនៅដាច់ពីខេត្តដទៃរបស់ប្រទេសកូរ៉េខាងត្បូង។ កោះជេជូ បានរួមចំណែករកប្រាក់ចំណូលសេដ្ឋកិច្ចជាតិកូរ៉េ ដោយបានស្រូបយកភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំ។
