សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានបំណងចង់ឱ្យអាស៊ានដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤ ឬនៅឆ្នាំ២០៣៨។

ក្នុងឱកាសទទួល និងលើកពានរង្វាន់បាល់ទាត់ពិភពលោក នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចបានរំលេចក្នុងសុន្ទរកថា ថាសម្រាប់ឆ្នាំ២០២២នេះ ក្នុងនាមសម្តេចជាប្រធានអាស៊ាន សម្តេចចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដែលសម្តេចនឹងពិនិត្យមើលលទ្ធភាពស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និងជំរុញគំនិតផ្តួចផ្តើមនេះ ឱ្យក្លាយជាការពិត។

ជាក់ស្តែង ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកតែ២លើកប៉ុណ្ណោះ គឺក្នុងឆ្នាំ២០០២ នៅប្រទេសកូរ៉េ-ជប៉ុន និងឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ ទទឹមនឹងនេះ អាស៊ានគួរពិចារណាលើកការដាក់បេក្ខភាពដេញថ្លៃសម្រាប់ឆ្នាំ ២០៣៤ ឬ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិក តាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទ្ធិពល៕