ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣,៣លានដុល្លារ ​​អភិវឌ្ឍ​ន៍ធនធាន​មនុស្ស​នៅ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៣លាន ៣សែន ៦ម៉ឺនដុល្លារ អាមេរិក ដើម្បីអនុវត្ត“គម្រោងកម្មវិធី អាហារូបករណ៍សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស(JDS)”។ការប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងនេះ គឺបានឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខាកាលថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ ដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ និងឯកឧត្តម កា ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃប្រទេស ជប៉ុនប្រចាំកម្ពុជា។

បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា នៅប្រទេសកម្ពុជា ការអភិវឌ្ឍធនធានមនុស្សដែលមានការអប់រំខ្ពស់ និងបទពិសោធន៍អន្តរជាតិ គឺជាកិច្ចការបន្ទាន់ដើម្បី បង្កើនសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋាន​របស់ប្រជាជនកម្ពុជា​និងលើកកម្ពស់ ​គុណភាពជីវិតជាមួយនឹង ស្តង់ដារអន្តរជាតិ។

ដូច្នេះហើយ ប្រទេសជប៉ុនបាននិងកំពុងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ​និងសង្គមរបស់ខ្លួនបន្ថែមទៀត។ ប្រភពដដែល បានបន្តថា ជាផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ ជួយមន្ត្រីវ័យ ក្មេងកម្ពុជាឲ្យទទួល​បាន​សញ្ញាបត្រ (អនុបណ្ឌិត / បណ្ឌិត) ​ពីថ្នាក់ក្រោយឧត្តមសិក្សា ​នៅប្រទេសជប៉ុន។

តាមរយៈជំនួយនេះ ភាគីជប៉ុន​​​​រំពឹងថា ​ធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកដល់ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា​បន្ថែមទៀត ​នាពេលអនាគតលើវិស័យនីមួយៗ ​ការ​យល់ដឹងរួម គ្នាព្រមទាំង​ការកសាងទំនាក់ទំនងមិត្តភាពរវាង ​ជប៉ុន និងធកម្ពុជាផងដែរ៕