ក្រសួងដែនដី សម្រេចកែសម្រួលរូបមន្តក្នុងការចុះបញ្ជីអចលនវត្ថុមួយប្រភេទ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​បាន​ផ្ញើ​លិខិត​ជម្រាប​ទៅ​ដល់​មន្ទីរ​ជំនាញ​របស់​ខ្លួន​ទាំង ២៥​រាជធានី ខេត្ត ​​ដើម្បី​ឱ្យ​កែ​សម្រួល​រូបមន្ត​ក្នុង​ការ​​ចុះបញ្ជី​អចលនវត្ថុ​ជា​ប្រភេទ​ទ្រព្យ​សម្បត្តិ​ដោយ​ឡែក​របស់​សហព័ទ្ធ​ណា​ម្នាក់ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស៊ីវិល “ពោះម៉ាយ” ឬ “មេមាយ” ​​ដោយសារ​មរណភាព​របស់​សហព័ទ្ធ​ម្ខាង​ទៀត និង​កែ​សម្រួល​លើ​រូបមន្ត និង​ឯកសារ​រណប​ផ្សេង​ទៀត ដែល​ធ្លាប់​ប្រើ​ពាក្យ “ខ្មោច” ទៅ​ជា​ពាក្យ “មតកជន” វិញ ​​ដោយ​អនុលោម​តាម​ក្រម​រដ្ឋប្បវេណី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលិខិត​លេខ​១៣៩១ ដនស/អសដភ ចុះ​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២២ ​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ពាក្យ “ខ្មោច” ដែល​ប្រើ​នៅ​ក្នុង​រូបមន្ត​កន្លង​មក ជា​ពាក្យ​ដែល​ប្រើ​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី​ចាស់ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ក្រម​រដ្ឋប្បវេណី​ថ្មី ដែល​​បាន​ផ្លាស់ប្តូរ​ប្រើពាក្យ​ពេចន៍​ថ្មី​ជា​ច្រើន​ជំនួស​ពាក្យ​ពេចន៍​ចាស់ៗ ដែល​ធ្លាប់​ប្រើ​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​ចាស់​ ក្នុង​នោះ ក៏​មាន​ពាក្យ​ “ខ្មោច” ផង​ដែរ ដែល​ត្រូវ​បាន​ជំនួស​ដោយ​ពាក្យ​ថ្មី​គឺ “មតកជន” ដែល​មាន​ន័យ​ថា ជនឬបុគ្គល​ដែល​បាន​ស្លាប់​ទៅ​ហើយ។

ដូចនេះ​ ក្រសួង​សម្រេច​ឱ្យ​កែ​សម្រួល​រូបមន្ត តាម​លំនាំ​ដូច​ខាង​ក្រោម៖
១) ករណីទ្រព្យ​សម្បត្តិ​ដោយឡែក​ខាង​ប្តី ឧទាហរណ៍ សុខ សាន (ពោះម៉ាយ​ពី​ខ្មោច​នាង ច័ន្ទ រតនា)
២) ករណីទ្រព្យ​សម្បត្តិ​ដោយឡែក​ខាង​ប្រពន្ធ ឧទាហរណ៍ ​នាង ច័ន្ទ រតនា (មេម៉ាយ​ពី​ខ្មោច​ សុខ សាន)
ប្តូរ​ទៅ​ជា៖
១) ករណីទ្រព្យ​សម្បត្តិ​ដោយឡែក​ខាង​ប្តី ត្រូវ​សរសេរ​ថា ឧទាហរណ៍ សុខ សាន (ពោះម៉ាយ​ពី​មតកជន​​ ច័ន្ទ រតនា)
២) ករណីទ្រព្យ​សម្បត្តិ​ដោយឡែក​ខាង​ប្រពន្ធ ត្រូវ​សរសេរ​​ថា ឧទាហរណ៍ ​នាង ច័ន្ទ រតនា (មេម៉ាយ​ពី​មតកជន​​ សុខ សាន)។

ក្រៅពីនេះ ក្រសួង ក៏តម្រូវឲ្យកែសម្រួលលើរូមមន្ត និងឯកសាររណបផ្សេងទៀត ដែលធ្លាប់ប្រើពាក្យ “ខ្មោច” ទៅជា​ពាក្យ “មតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីផងដែរ។

ដើម្បីអនុវត្តការងារនេះឱ្យបានរលូន ក្រសួងដែនដី នឹងចាត់មន្ត្រីជំនា​ញពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចុះ​សហ​ការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្តទាំងអស់ ក្នុងការ​តម្លើង​រូបមន្តថ្មី ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យ (Database System) សម្រាប់​ការ​ប្រើប្រាស់​តរៀង​ទៅ៕