ព្រឹកស្អែកនេះ ពោលគឺថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Renger និង Ford Everest របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ២១លានដុល្លារ ដែលសាងសង់ឡើងនៅខេត្តពោធិ៍សាត់ នឹងត្រូវធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មហើយ។
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្របង្គុំ និងតម្លើងរថយន្តFordខាងលើនេះ ធ្វើឡើងនៅទីតាំងរោងចក្រ ដែលស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។
បើតាមប្រភពរដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងចូលរួមពិធីសម្ពោធរោងចក្រដំឡើងរថយន្ត Ford របស់អាមេរិកនេះ។



