ក្រុមហ៊ុនកូរ៉េមានបំណងដាំដំបូងបារាំង និងដំណាំកសិកម្មផ្សេងទៀត ក្នុងទឹកដី ខេត្តមណ្ឌលគីរី។ តាមរយៈបណ្តាញសង្គមហ្វេសបុកផ្លូវការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានជួបជាមួយនឹងលោក Mr. Park Kiwook នាយកគ្រប់គ្រង ការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងស្តីពី “Establishment of Demonstrative Vegetable Production Complex in Cambodia” ដែលគ្រោងនឹងបង្កើតនៅខេត្តមណ្ឌលគីរីនាឆ្នាំ២០២០នេះ។

ក្នុងជំនួបកាលពីថ្ងៃទី២០ ខែមករា លោក Mr. Park Kiwook បានលើកឡើងថា KRC មានចំណាប់អារម្មណ៍លើផលិតកម្មដំឡូង បារាំង និងប្រភេសបន្លែសំខាន់ៗដែលកសិករកំពុងផលិតនាពេលបច្ចុប្បន្ន។ ដោយយល់ឃើញថាខេត្តមណ្ឌលគីរីមានសក្តានុពលល្អសម្រាប់ផលិតកម្មដំឡូងបារាំង និងបន្លែ ដោយយោងលើស្ថានភាពភូមិសាស្រ្ត និងអាកាសធាតុល្អ សម្រាប់ផលតិកម្មដំឡូងបារាំង កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិតកម្មនេះនៅមិនទាន់បានអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបងធ្វើឲ្យផលិតកម្មនេះមិងអាចធ្វើការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ហើយដែលតម្រូវឱ្យកម្ពុជាធ្វើការនាំចូល ហេតុនេះនាពេលអនាគតគម្រោងនេះគ្រោងនឹងបង្កើនផលិតភាពផលិតកម្មដំឡូងបារាំង និងបន្លែផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការកាត់បន្ថយបរិមាណនាំចូល និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ ដែលភាគច្រើនជាជនជាតិដើមភាគតិច និងបង្កើនប្រាក់ចំណូល។

លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានសម្តែងនូវសុទិដ្ឋិនិយមគាំទ្រលើគម្រោងនេះ ដោយហេតុថាកន្លងមកផលិតកម្មដំឡូងបារាំងនៅកម្ពុជាជាទូទៅកសិករមិនសូវនិយមដាំដុះ ទើបតែប៉ុន្មានឆ្នាំចុងក្រោយដែលមានគម្រោងដែលឧបត្ថម្ភដោយអង្គការ KOPIA KOREA សហការជាមួយសាកលវិទ្យា ល័យភូមិន្ទកសិកម្មធ្វើការសិក្សាស្រាវជ្រាវដាំសាកល្បងនៅខេត្តមណ្ឌលគីរី ហើយលទ្ធផលនៃការសិក្សានេះបានបង្ហាញឱ្យឃើញថាដំណាំមានការលូតលាស់ល្អ និងផ្តល់ទិន្នផលគួរជាទីពេញ ចិត្ត។ ហេតុនេះ ឯកឧត្តមបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ត ហើយសន្យាថានឹងផ្តល់កិច្ច សហការឱ្យបានពេញលេញ និងជាពិសេសលោកបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវបន្តផ្តល់កិច្ចសហការឱ្យបានល្អជាមួយ KRC ដើម្បីឱ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក គឺខេត្ត មណ្ឌលគីរីអាចផលិតដំឡូងបារាំងបាននាពេលអនាគតដ៏ខ្លី៕



