កម្ពុជា និងថៃ បានកំពុងជំរុញឲ្យមានការអនុវត្តការមិនយកពន្ធត្រួតគ្នា (DTA) ទៅលើការចរាចរណ៍ទំនិញឆ្លងព្រំដែនរវាងប្រទេសទាំង២។ការជំរុញឲ្យមានការអនុវត្តតាម DTAនេះ គឺធ្វើដើម្បីបង្កើនតម្លៃវិនិយោគ និងពង្រឹងសេដ្ឋកិច្ចទ្វេភាគី បន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញ ។
ការជំរុញការអនុវត្ត DTAនេះ គឺធ្វើឡើងតាមរយៈសិក្ខាសាលាមួយ ស្តីពីជំរុញការវិនិយោគឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃឡង់ដ៍ តាមរយៈការមិនយកពន្ធត្រួតគ្នា (DTA) ដោយមានការចូលរួមពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាសហការជាមួយក្រសួងការបរទេសថៃ កាលពីពេលថ្មីៗនេះ។
ពាក់ព័ន្ធនឹងការជំរុញឲ្យមានការអនុវត្ត DTA នេះដែរ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិនពិសេសប្រទេសមានពាណិជ្ជកម្មធំៗជាមួយកម្ពុជា គឺទាមទារឱ្យមានកិច្ចព្រមព្រៀងនេះ។
លោកឧកញ៉ាបានបញ្ជាក់ដូច្នេះដែរថា ៖ «នៅពេលមានកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលចង់បង្វិលប្រាក់ចំណេញឱ្យប្រទេសគេវិញ គេចំណាយត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ តែបើគ្មានទេត្រូវបង់ដល់ ១៤ ភាគរយ។ ដូចនេះនៅពេលកម្ពុជាមានកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសនានាកាន់តែច្រើន នឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាក់ស្តែងដូចប្រទេសថៃ ជាដើម យើងមានកិច្ចព្រមព្រៀងនេះជាមួយគ្នា ស្របពេលដែលយើងបើកព្រំដែនវិញដូចគ្នា ច្បាស់ណាស់កំណើននៃការវិនិយោគទៅវិញទៅមកពិតជាមាន»។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ ទហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទឹកប្រាក់ ២,៩១ ពាន់លានដុល្លារ កើនឡើង ៨ %បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីស្ថានទូតថៃនៅកម្ពុជា។
ហេតុនេះ តាមរយៈការជំរុញឲ្យមានការអនុវត្តការមិនយកពន្ធត្រួតគ្នា (DTA)នេះ ត្រូវបានភាគីកម្ពុជានិងថៃ រំពឹងថា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកាន់មានសន្ទុះខ្លាំងជាងមុន៕