កម្ពុជានិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២២ជាផ្លូវការហើយ កាលថ្ងៃទី១៣ខែមិថុនា ក្រោមវត្តមានឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានផ្ដល់ឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងមានឥទ្ធិពលវិជ្ជមានលើការរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងអនុតំបន់ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងជួយស្តារឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩ បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនក្នុងតំបន់។
គួរបញ្ជាក់ដែរថា ចាប់តាំងពីការចាប់ផ្តើមដំណើរនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គកាលពីឆ្នាំ២០១៦មក បានជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដល់ប្រទេសជាប់ដងទន្លេឡានឆាង-មេគង្គ ជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងទទួលបានសមិទ្ធផលផ្លែផ្កាជាក់ស្តែង។
ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់លាក់មានចំនួន៨០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានិងអនុតំបន់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ដោយឡែក ក្នុងឆ្នាំ២០២២នេះ កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣បន្ថែមទៀត ដែលមានថវិកាប្រមាណជាង៤លានដុល្លារអាមេរិក។នេះបើតាមការឲ្យដឹងពីឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕