រដ្ឋមន្ត្រីក្រសួងការងារ ​អំពាវ​នាវដល់វិស័យឯកជន ​វិនិ​យោគបន្ថែម​ទៀត ដើម្បីអភិវឌ្ឍ​​​កម្លាំង​​​ពលកម្ម​ជំ​​​នាញ​នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អំពាវ​នាវដល់វិស័យឯកជន ឲ្យចូលរួម​វិនិ​​យោគបន្ថែមទៀត និងចូលរួមក្នុងភាពជាដៃគូជាមួយក្រសួង អង្គការជាតិ-អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និងសប្បុរស​ជន​​នានា បន្តរួមចំណែក​ចូលរួម និង​គាំទ្រ​លើក​ទឹកចិត្តទាំងថវិកា និងបច្ចេកទេស​ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងការប្រកួត ប្រជែងខ្ពស់»ដែលបានប្រារព្ធ​​នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅអគារ​​ពិព័រ​​ណ៍ពាណិជ្ជកម្មកោះ ពេជ្រ។

លោករដ្ឋមន្ត្រីបន្តថា មុនដំណាច់ឆ្នាំ២០២០ ក្រសួង ក៏បានដាក់ចេញនូវផែនការមេ សម្រាប់​អភិវឌ្ឍគ្រឹះ​ស្ថានអប់រំ​បណ្តុះ​​បណ្តា​​​លបច្ចេកទេស​និង​វិជ្ជាជីវៈ រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែល​​គ្រោងចំណាយថវិកាប្រមាណចំនួន ៤៩៣ លានដុល្លា ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន ៤ ។

លោករដ្ឋមន្ត្រី បន្តទៀតថា យុទ្ធសាស្ត្រចំនួន ៤ នោះរួមមាន​១)ការកសាងនិងកែលម្អហេដ្ឋារចនា​​សម្ព័ន្ធរូបវ័ន្តរបស់​​គ្រឹះ​​ស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ២)-ការបំពាក់ឧបករណ៍ បរិក្ខារ និង​សម្ភារបណ្តុះបណ្តាល ៣)-ការ​​ពង្រឹងសមត្ថភាពអ្នកដឹកនាំ គ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និង៤)-ការបង្កើនបរិមាណ និងគុណភាព ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយា​ប័ន្នយេន​ឌ័រ។

គួរបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ប្រារព្ធឡើង​ក្រោមប្រធានបទ “ធីវែត​​(TVET) បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់” ដែលរៀបចំ​ធ្វើឡើងដោយ ក្រសួងការងារ​និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ និងមានការចូលរួមសហការគាំទ្រពីក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល​សាធារណៈ ឯកជន អង្គការក្រៅ​រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

ទិវាជាតិនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្សព្វផ្សាយ​ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបាន​យល់ដឹងអំពី សារសំខាន់នៃការអប់​រំបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​​ក្នុងការជំរុញការអភិវឌ្ឍ​កម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធ​​ភាព ឱ្យឆ្លើយតបទៅ​នឹងតម្រូវការទីផ្សារការ​ងារក្នុងនិងក្រៅស្រុក៕